ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិន ​បានអញ្ជើញបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាយ៉ាងជោគជ័យ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នាថ្ងៃទី១១ និង១២ ខែតុលា ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិនបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកម្ពុជា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងក្នុងប្រទេសអាស៊ាន ដែលឯកឧត្តមរដ្ឋមន្រ្តីចិនបានបំពេញក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ។

អំឡុងពេលនៃការបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ឯកឧត្តម Wang Yi បានជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ 

ឯកឧត្តមទីប្រឹក្សារដ្ឋចិនបានអញ្ជើញទស្សនាពិព័រណ៌រូបភាពកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា និងបានអញ្ជើញចូលរួមជាសាក្ខីភាពជាមួយសម្ដេចតេជោក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា, កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស, លិខិតប្តូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្តូរសារ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និងឯកសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាច្រើនទៀតផងដែរ ហើយឯកឧត្តម Wang Yi ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលជំនួយជា Viral DNA/RNA Extraction Kit របស់ភាគីចិនជូនចំពោះភាគីកម្ពុជា។

ឯកឧត្តម ទីប្រឹក្សារដ្ឋចិនមានប្រសាសន៍ថា ប្រទេសកម្ពុជាជាប្រទេសទស្សនកិច្ចមុនគេរបស់ខ្ញុំក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ដែលមិនត្រឹមតែបន្តប្រពៃណីល្អប្រសើរនៃការគាំទ្រគ្នាទៅវិញទៅមករវាងចិននិងកម្ពុជាប៉ុណ្ណោះទេ ក៏បានឆ្លុះបញ្ចាំងពីស្ថានភាពយ៉ាងសកម្មនៃការកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរផងដែរ។ 

ភាគីកម្ពុជាបានបង្ហាញពេញទំហឹងនូវស្មារតីមនុស្សធម៌ ប្រទេសតូចបេះដូងធំ និងស្មារតីចម្បងប្រទេសតូចការទូតធំក្នុងកិច្ចសហប្រតិបត្តិការលើកិច្ចទប់ស្កាត់ជំងឺកូវីដ-១៩លើឆាកអន្តរជាតិនិងកិច្ចការអន្តរជាតិ ហើយភាគីចិនសូមចូលរួមវាយតម្លៃខ្ពស់ចំពោះស្មារតីនិងកិច្ចការខាងលើនេះ។ មិនថាអន្តរជាតិស្ថិតក្នុងស្ថានភាពផ្លាស់ប្តូរយ៉ាងណាក្តី ភាគីចិននឹងឈរនៅជាមួយភាគីកម្ពុជាជានិច្ច បន្តគាំទ្រកម្ពុជាក្នុងកិច្ចការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិយ៉ាងមុតមាំ គាំទ្រមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខ័ណ្ឌជាតិរបស់កម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការពេញលេញក្នុងកិច្ចការទ្វេភាគី តំបន់ និងអន្តរជាតិ។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ល្អអស្ចារ្យរបស់ភាគីចិនក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការរួមចំណែករបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសនេះជាសកល និងព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសចិនដែលតែងផ្តល់ជំនួយដ៏មានតម្លៃដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា។ សម្តេចមានប្រសាសន៍ថា ភាគីកម្ពុជារួមចំណែកជាកម្លាំងយ៉ាងមុះមុតក្នុងកិច្ចពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា គាំទ្រយ៉ាងមុតមាំដល់ភាគីចិនក្នុងការការពារអត្ថប្រយោជន៍ស្នូលរបស់ខ្លួន និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ហើយនឹងបន្តប្រកាន់ខ្ជាប់គោលការណ៍ក្នុងកិច្ចការអន្តរជាតិ ប្រឆាំងនឹងនយោបាយឯកតោភាគី នយោបាយប្រើអំណាច និងការសង្កត់។

ឯកឧត្តម ហោ ណាំហុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីចិនដែលបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រចិនក្នុងកិច្ចប្រឆាំងនឹងជំងឺវីរុសមកកាន់ប្រទេសកម្ពុជាយ៉ាងទាន់ពេលវេលា និងបានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសមួយនេះដល់កម្ពុជាយ៉ាងច្រើនផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា សមិទ្ធផលរបស់ភាគីកម្ពុជាក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះមិនអាចគ្មានការគាំទ្រពីភាគីចិនយ៉ាងខ្លាំងក្លាបានឡើយ។ ភាគីកម្ពុជាជាកិច្ចបន្តសង្ឃឹមថា នឹងរៀបចំកិច្ចស្រាវជ្រាវវ៉ាក់សាំងសម្រាប់ជំងឺវីរុសខាងលើនេះនិងកិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងការទប់ស្កាត់នឹងជំងឺនេះជាមួយនឹងភាគីចិន រួមគ្នាដើម្បីអនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា-ចិន ជំរុញទំនាក់ទំនងទ្វេភាគីឈានទៅរកកម្រិតថ្មីមួយទៀត។

ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ភាគីកម្ពុជារីករាយយកឱកាសខួបអនុស្សាវរីយ៍១០ឆ្នាំ នៃការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តកុងសុងស៊ីសក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរ ជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជានិងចិនកាន់តែស៊ីជម្រៅ។ ភាគីចិនបានជួយដល់បណ្ដាប្រទេសលើសកលលោកក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសក្រោមស្ថានភាពខ្លួនកំពុងតែទប់ស្កាត់នឹងជំងឺវីរុសមួយនេះផងដែរ នេះបានបង្ហាញឲ្យឃើញពីភាពជាអ្នកដឹកនាំដ៏រឹងមាំ។ ការគាំទ្រចិន គឺជាការគាំទ្រយុត្តិធម៌អន្តរជាតិ គឺជាការគាំទ្រគោលការណ៍ពហុភាគីនិយម និងជាការគាំទ្រប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល។ 

ភាគីកម្ពុជាសូមកោតសរសើរនិងគាំទ្រ គំនិតផ្តួចផ្តើមសន្តិសុខទិន្នន័យសកល (Global Initiative on Data Security) ដែលលើកឡើងដោយភាគីចិន នឹងបន្តសហការរួមដៃគ្នាជាមួយភាគីចិនក្នុងកិច្ចការអន្តរជាតិ ដើម្បីការពារផលប្រយោជន៍រួមនៃភាគីទាំងពីរ និងរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានាលើកនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងគេដែលបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀងនេះមានកម្រិតបើកចំហខ្ពស់ និងមានវិសាលភាពទូលំទូលាយ និងជំរុញអត្ថន័យចម្បងក្នុងការកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសកម្ពុជា។ ភាគីទាំងពីរនឹងពន្លឿនការអនុវត្តនីតិវិធីក្នុងការអនុម័តច្បាប់រៀងៗខ្លួន និងខិតខំអនុវត្តឲ្យបានជោគជ័យក្នុងពេលដ៏ខ្លីនេះ៕


អត្ថបទដែលជាប់ទាក់ទង
ឧកញ៉ា ថៃ ជាហួត បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយប្រជាពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់
ព័ត៌មានជាតិ
ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា៣០ម៉ឺន ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកជំទាវឧកញ៉ា ង៉ូវ ម៉ុច និងឯកឧត្តមឧកញ៉ា ង៉ូវ ស្រ៊ុន
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ារីណា ដែលបានរួមចំណែក ១០ម៉ឺនដុល្លារ ក្នុងប្រតិបត្តិការសង្គ្រោះប្រជាជន ដែលរងគ្រោះដោយបាតុភូតធម្មជាតិគ្រោះទឹកជំនន់
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ប្រតិកម្មឆ្លើយតបចំពោះការចុះផ្សាយព័ត៌មានរបស់បណ្តាញសារព័ត៌មានភ្នំពេញថែមស៍
ព័ត៌មានជាតិ
ពលរដ្ឋជាង២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ត្រូវទឹកលិចព័ទ្ធភូមិ, ទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្ត ដឹកនាំស្បៀងជូនភ្លាមៗ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី