(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋប្រមាណ២០៥គ្រួសារ នៅក្នុងភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានទឹកជន់លិចទាំងស្រុង។ ភូមិនេះមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីទីរួមខេត្ត ហើយការជន់លិចនេះធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ មិនអាចធ្វើដំណើរទៅណាបាននោះឡើយ។ បច្ចុប្បន្នប្រជាពលរដ្ឋ ត្រូវបានជម្លៀសទៅនៅជុំគ្នា នៅទីទួលវត្តអារាមមួយកន្លែង។
ទុក្ខលំបាករបស់ប្រជាពលរដ្ឋជាទុក្ខលំបាករបស់អាជ្ញាធរ និងថ្នាក់ដឹកនាំជាតិផងដែរ ដូច្នេះហើយទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមការបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលលើសមរភូមិសង្គ្រោះគ្រោះមហន្តរាយនោះ បានធ្វើដំណើរដោយផ្ទាល់ចុះទៅកាន់តំបន់ ហ៊ុមព័ទ្ធដោយទឹកជំនន់ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ។
ដោយសារតែស្ថានភាពផ្លូវលំបាក និងទឹកលិចផងនោះ ដើម្បីទៅដល់កន្លែងប្រជាពលរដ្ឋជន់លិច ត្រូវធ្វើដំណើរតាមត្រាក់ទ័រ និងជិះកាណូតផងដែរ ដើម្បីទៅដល់កន្លែងប្រជាពលរដ្ឋប្រមូលផ្តុំនោះ ចំណាយពេលជិតពីរម៉ោង។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រជាពលរដ្ឋ ពីការដាក់ចេញបទបញ្ជារបស់សម្តេចតេជោ ឱ្យអាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តចុះជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សម្តេចទាំងទ្វេលោកតាមដានជាប់ជាប្រចាំពីស្ថានភាព នៃការជន់លិចរបស់បងប្អូន»៕




