(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសថា ជូនដំណឹងដល់ពុកម៉ែមាមីងបងប្អូន ដែលរស់នៅក្នុងស្រុកភ្នំស្រួច (ឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងស្យា និងឃុំមហាសាំង ) និងមួយផ្នែកនៃស្រុក សំរោងទង (ឃុំតាំងក្រូច) ទាំងអស់ មេត្តាជ្រាបថា នៅវេលាម៉ោង ១៦ រសៀលនេះ ទំនប់ចំការតែ ដែលមានសមត្ថភាពស្តុកទឹកពី ៥ ទៅ ៧លានម៉ែត្រត្រីគុណ បានបាក់ហើយ។ ដូច្នេះសូមពុកម៉ែមាមីងបងប្អូន ដែលរស់នៅតាមបណ្ដាឃុំពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅប្របនឹងមាត់ស្ទឹង សូមមេត្តាប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ។
ក្នុងន័យនេះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ក៏បានប្រកាស អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សូមមេត្តាយកចិត្តទុកដាក់ នៅក្នុងការរក្សាកម្លាំង ដើម្បីទុកចុះជួយបងប្អូនប្រជាពលរដ្ឋ នៅពេលដែលគាត់ត្រូវការសង្គ្រោះ៕





