(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ណែនាំមន្ទីរជំនាញ និងអាជ្ញាធរក្រុង ស្រុក ឲ្យត្រៀមបង្ការគ្រោះជំនន់ទឹកភ្លៀង ពិសេសស្ទឹងស្រែង ស្រុកក្រឡាញ់ និងស្ទឹងជីក្រែង ស្រុកជីក្រែង។
តាមការជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានបញ្ជាក់ជូនថា ខេត្តសៀមរាបក៏ដូចជាប្រទេសកម្ពុជានឹងបន្តទទួលរងនូវឥទ្ធិពលព្យុទី១៦ និង១៧ បន្តទៀត បន្ទាប់ពីឥទ្ធិពលកន្លងមក ធ្វើឲ្យមានទឹកកើនឡើងខ្ពស់នៅតាមដងស្ទឹងនានាក្នុងខេត្តសៀមរាប។ កត្តានេះ អាចបង្ករទឹកជន់រហ័ស នឹងអាចប៉ះពាល់ដល់ផ្ទះសម្បែង ស្រែស្រូវ និងទ្រព្យសម្បត្តិសាធារណ នៅក្នុងតំបន់ស្ទឹងស្រែង ស្រុកក្រឡាញ់ និងស្ទឹងជីក្រែង ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាប បានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក៏ដូចជាគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សូមណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបាលក្រុងស្រុកឃុំ សង្កាត់ ក្នុងការត្រៀមនៅទីទួលសុវត្ថិភាព និងត្រៀមបង្ការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ៕



