(ភ្នំពេញ)៖ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមបរិច្ចាគថវិកា ចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
ក្នុងសារលិខិតថ្លែងអំណរគុណ ជូនសប្បុរសជន ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ សូមថ្លែងអំណរគុណយ៉ាងស្មោះ ចំពោះជំនួយជាថវិកា ដែលលោកឧកញ៉ា លោកជំទាវឧកញ៉ា និងឯកឧត្តមឧកញ៉ា បានផ្តល់ជាកិច្ចជួយសំរាលដល់ការដោះស្រាយផលវិបាក ដោយសារទឹកជំនន់ ដែលកើតចេញមកពីគ្រោះធម្មជាតិ នាពេលបច្ចុប្បន្ននេះ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំតែងតែមានមោទនភាពយ៉ាងជ្រាលជ្រៅ ដោយសារគុណធម៌ដ៏ថ្លៃថ្លារបស់ជនរួមជាតិយើង ដែលជានិច្ចកាល តែងតែបង្ហាញនូវសប្បុរសធម៌ និងសាមគ្គីធម៌ ជួយគ្នាទៅវិញទៅមក នៅក្នុងគ្រា មានអាសន្ន»៕



