(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារចុះត្រួតពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង ក្នុងភូមិសាស្ត្រខេត្តកោះកុង នៅអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី។
សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រគល់ភារកិច្ចជូនទៅក្រសួង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឲ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។
ជាមួយគ្នានោះ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវចម្រុះនៅក្នុងភូមិសាស្រ្តខេត្តកោះកុង ដែលមានក្រុមការងារអន្តរក្រសួង និងអនុក្រុមការងារចុះទីវាលក្រុង/ស្រុកទាំង ៧នៃខេត្តកោះកុង៕




