(អាមេរិក)៖ ត្រឹមតែមួយសប្តាហ៍ក្រោយពីបានចាកចេញពីមន្ទីរពេទ្យ លោក ដូណាល់ ត្រាំ បានវិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញនៅយប់ថ្ងៃច័ន្ទ ជាមួយនឹងការប្រមូលផ្តុំគ្នានៅសាន់ហ្វត រដ្ឋផ្លរីដា ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់បន្ទាប់ពីបានព្យាបាលជាសះស្បើយកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
«វាពិតជាអស្ចារ្យណាស់ ដែលខ្ញុំបានវិលត្រឡប់មករដ្ឋកំណើត រដ្ឋផ្លរីដា សម្រាប់ការបន្តជាផ្លូវការឡើងវិញនូវយុទ្ធនាការរបស់ខ្ញុំ» លោក ត្រាំ បានថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្ររាប់ពាន់នាក់ដោយភាគច្រើនមិនបានពាក់ម៉ាសទោះបីជាកូវីដនៅតែបន្តផ្ទុះខ្លាំងក៏ដោយ។
ការប្រមូលផ្តុំនៅទីក្រុងសាន់ហ្វដ (San Ford) កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ គឺជាវេទិកាដំបូងរបស់ប្រធានាធិបតីវ័យ៧៤ឆ្នាំរូបនេះ នៅក្នុងសប្តាហ៍ដ៏មមាញឹក ដែលនឹងរួមបញ្ចូលព្រឹត្តិការណ៍នៅក្នុងរដ្ឋ ភែនស៊ីលវេនៀ, អ៉ីយ៉ូវ៉ា, ណតស៍ ខារ៉ូលីណា និង វិសខុនសិន។
សូមរំលឹកថា វេជ្ជបណ្ឌិតនៅសេតវិមាន បានអះអាងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ជាច្រើនថ្ងៃជាប់ៗគ្នាហើយគាត់មិនឆ្លងទៅអ្នកដទៃនោះទេ៕




