(អន្តរជាតិ)៖ រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រស៊ុយអ៊ែត បានប្រកាសកាលពីថ្ងៃច័ន្ទថា ពានរង្វាន់ណូបែលផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំ២០២០ ត្រូវបានប្រគល់ជូនសេដ្ឋវិទូសហរដ្ឋអាមេរិកលោក Paul R. Milgrom និងលោក Robert B. Wilson សម្រាប់ជាការកោតសរសើរចំពោះពួកគេក្នុងការកែលម្អទ្រឹស្តីនៃការដេញថ្លៃ និងការបង្កើតទំរង់ថ្មីនៃការដេញថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រស៊ុយអ៊ែត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជ័យលាភីពានរង្វាន់ណូបែលពីររូបបានសិក្សាស្រាវជ្រាវពីវិធីប្រតិបត្តិការនៃការដេញថ្លៃ ហើយបានបង្កើតទម្រង់ដេញថ្លៃបែបថ្មីតាមការពិនិត្យអង្កេតយ៉ាងស៊ីជម្រៅសម្រាប់ទំនិញនិងសេវាកម្មដែលពិបាកលក់តាមវិធីប្រពៃណី។
ការរកឃើញនិងលទ្ធផលស្រាវជ្រាវរបស់ពួកគេបានផ្តល់ផលប្រយោជន៍ដល់អ្នកទិញ អ្នកលក់និងអ្នកបង់ពន្ធនៅទូទាំងពិភពលោក។ យ៉ាងណាមិញពិធីប្រគល់ពានរង្វានណូបែលនៅឆ្នាំ២០២០នេះមិនត្រូវបានប្រារព្ធទេ ដោយសារតែបញ្ហាកូវីដ-១៩៕




