(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនិងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ និងសហការី បានចុះពិនិត្យទឹកជំនន់ទឹកភ្លៀង និងទឹកហូរពីថៃ តាមអូរកំបុត នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកស្ទឹងមង្គលបូរី ស្ទឹងសិរីសោភ័ណ បន្តកើនឡើង និងទឹកហូរធ្លាក់តាមអូរព្រំដែន មកពីប្រទេសថៃ នៅបន្តកើនឡើង បណ្តាលឲ្យលិចតាមតំបន់ទំនាប ភូមិតាមមាត់អូរ ស្ទឹង និងប៉ះពាល់ដល់អាយុជីវិត សត្វ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា នៅខេត្តបន្ទាយមានជ័យ ទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្រុងស្រុក ចំនួន៨ បណ្តាលឲ្យលង់ទឹកស្លាប់ ៣នាក់ (កុមារ ០១នាក់) លិចលំនៅដ្ឋានសរុបចំនួន ១ ២២៥ខ្នង និងបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៨៤គ្រួសារ (ស្មើនឹង ១ ០១៣នាក់ / ស្រី ៦៣០នាក់ ) លិចស្រែចំនួន ១ ៤៨១ ហ.ត ដំឡូងមី ១ ០៩០ ហ.ត និងដំណាំរួមផ្សំ ៣១ ហ.ត សាលារៀន ១២សាលា ( ត្រូវផ្អាកការសិក្សា បណ្តោះអាសន្ន ) វត្ត ០៣ និងលិចផ្លូវ ៥៨កន្លែង (ប្រវែង ១១ ៣៩៥ ម៉ែត្រ )៕




