(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង និងត្រូវរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព។
ជំនន់ទឹកភ្លៀង នាពេលនេះ កើតឡើង ដោយស្ថានភាពប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប វិវឌ្ឍប្រែប្រួលជាបន្តបន្ទាប់ ដែលធ្វើឲ្យស្ថានភាពធាតុអាកាស នៅក្នុងប្រទេសកម្ពុជាយើង ទទួលភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលបណ្ដាលឲ្យខេត្តភាគពាយព្យ និងភាគខាងជើងស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ដោយសារទឹកភ្លៀងជាបន្តបន្ទាប់។ ក្នុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោក លាយឡំនឹងរលកសមុទ្រខ្ពស់។
ដោយចំនុចមួយចំនួន នៅលើដងផ្លូវជាតិលេខ៥ ត្រូវបានលិចដោយទឹកជំនន់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរសាធារណការដឹកជញ្ជូន ខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹង សូមឲ្យធ្វើការផ្អាកបណ្ដោះអាសន្ននូវរថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលកើតជាយថាហេតុ។
ដោយហេតុនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវ សូមប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះ ទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា និងសូមអរគុណដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ៕




