(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដោយមានការផ្តួចផ្តើមពីឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានរួមជាមួយថ្នាក់ដឹកនាំ និងសមាជិក-សមាជិក បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល និងជាមួយអជ្ញាធរនៃបណ្តាខេត្ត ដែលកំពុងរងគ្រោះដោយការជន់លិចពីជំនន់ទឹកភ្លៀង ក្នុងការចុះជួយសង្គ្រោះប្រជាជនឲ្យមានសុខសុវត្ថិភាព ព្រមទាំងផ្តល់នូវសម្ភារៈចាំបាច់ និងផ្តល់ស្បៀងអាហារផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា៖ «ក្នុងស្មារតីនៃការចូលរួមចំណែកគ្រប់កាលៈទេសៈ ពេលនេះគឺជាពេលវេលាដែលយើងត្រូវយកចិត្តទុកដាក់ចុះរួមសុខរួមទុក្ខជាមួយប្រជាជនយើង ដើម្បីធានាដល់សុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិ និងដើម្បីខិតខំបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ឲ្យបានទាន់ពេលវេលា»។
សូមជម្រាបថា ដោយសារស្ថានភាពប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងសម្ពាធទាបសកម្ម បានបង្ករឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ ហើយបណ្ដាលឲ្យខេត្តភាគពាយព្យ និងភាគខាងជើងស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន៖ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ៕



