(តាកែវ)៖ ដើម្បីទប់ស្កាត់ និងបង្ការគ្រប់គ្រងស្ថានការបានទាន់ពេលវេលា នៅជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃអាទិត្យទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ បានដឹកនាំមន្រ្តីរាជការតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ចំណុះរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋ ចុះជួយធ្វើការកាយអាចម៍ដីដាក់បាវ ដើម្បីជួយធ្វើការទប់ លើកទំនប់ដើម្បីត្រៀមបង្ការជំនន់ទឹកភ្លៀង ដែលកំពង់គំរាមកំហែងខ្លាំង ដែលអាចបង្កប៉ះពាល់ដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ នៅចំណុចទំនប់ក្បាលសែន ស្ថិតភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។
មានប្រសាសន៍នាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ថា ក្រោមការណែនាំផ្ទាល់ពីសំណាក់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ចំពោះជំនន់ទឹកភ្លៀងនេះ គឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការជន់លិចដែលធ្វើប៉ះពាល់ដល់ផលដំណាំផ្សេងៗ និងការពារកុំឲ្យមានការបាត់បង់អាយុជីវិតពលរដ្ឋបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏សូមធ្វើការអំពាវនាវឱ្យមន្ទីរជំនាញ នៅក្នុងខេត្តតាកែវ ត្រូវត្រៀម ការងារទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើង ជាយថាហេតុ។ ហើយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត ត្រូវត្រៀមត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា។ ហើយ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមថ្នាំបង្ការ នៃជំងឺឆ្លងសត្វគ្រប់ប្រភេទនារដូវទឹកជំនន់ទឹកភ្លៀងនេះ។ មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ត្រូវត្រៀមលក្ខណ: គ្រប់គ្រាន់ ដើម្បីជួយសម្រួលទាំងមុននិងក្រោយទឹកជន់លិចផ្លូវ និងបង្កលក្ខណៈងាយស្រួល អោយប្រជាពលរដ្ឋ ចរាចរណ៍បានល្អប្រសើរឡើងវិញ។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ៕




