(ខេត្តពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៨៦ ដល់គីឡូម៉ែត្រលេខ ១៩៣ ជ្រាបថា ដោយស្ថានភាពទឹកជំនន់ ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល ៦ថ្ងៃមកនេះ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានបង្កឲ្យមានទឹកជំនន់ ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន ០៥ក្រុង ស្រុក ហើយនៅក្នុងក្រុងពោធិ៍សាត់ រងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឲ្យលិចលង់ផ្លូវមួយចំនួន នៅក្នុងក្រុងពោធិ៍សាត់ ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច គីឡូម៉ែត្រ ១៨៦ ដល់គីឡូម៉ែត្រ ១៩៣ ត្រូវបានលិចលង់។
ដូចនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការណែនាំ ឲ្យផ្អាកការធ្វើចរាចរណ៍ទាំងស្រុង ចំពោះរថយន្តធុនធំ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី៕




