(ប៉េកាំង)៖ ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលពួកគេនឹងចូលរួមជាផ្លូវការនូវ កម្មវិធីអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលជាកម្មវិធីមានគោលបំណងចង់ផ្តល់ឱ្យប្រទេស ដែលមានប្រាក់ចំណូលទាប នូវសិទ្ធិទទួលបានវ៉ាក់សាំងដូចគ្នានឹងប្រទេសអ្នកមានដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បាននិយាយថា «នេះគឺជាជំហានដ៏សំខាន់មួយដែលប្រទេសចិនបានប្រកាន់យកគោលគំនិតសហគមន៍សុខភាពរួមគ្នាសម្រាប់ទាំងអស់គ្នានិងប្រែក្លាយវ៉ាក់សាំងការពារកូវីដ-១៩ទៅជាផលប្រយោជន៏សាធារណៈរបស់ពិភពលោក។» លោកស្រីក៏បានបន្ថែមថា «យើងបោះជំហ៊ាននេះដើម្បីធានាការចែកចាយវ៉ាក់សាំងដោយស្មើភាពជាពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍ហើយសង្ឃឹមថាប្រទេសដែលមានសមត្ថភាពកាន់តែច្រើននឹងចូលរួមនិងគាំទ្រ COVAX ផងដែរ»៕



