TOP NEWS: ប្រមុខការទូតកម្ពុជា ចាត់ទុកការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី និងអ្នកវិភាគ ​ជុំវិញករណីលោក ​គ្រុយ លឹមហេង ​ជាការប្រមាថដល់ស្ថាប័នរដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយល្ងង់ខ្លៅ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែតុលានេះ ​បានចេញបំភ្លឺចំពោះករណីរបស់ ឈ្មោះ គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ដែលត្រូវបានតុលាការសម្រេចផ្តន្ទាអោយជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ហើយដែលត្រូវបានចោទសួរដោយលោក ហេង រស្មី វិទ្យុអាស៊ីសេរី ដោយលើកយកទស្សនៈរបស់អ្នកវិភាគថា ដោយសារតែលោក គ្រុយ លឹមហេង បែងចែកប្រយោជន៍មិនស្មើគ្នារឿងបញ្ហាពុករលួយជាមួយមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស ដោយសារតែកុងស៊ុលកម្ពុជាប្រចាំខេត្តយូណានជាស្ថាប័នមួយរកចំណូលចូលក្រសួងការបរទេស។ ចំណូលទាំងនោះបានមកពីការលាងលុយកខ្វក់ រត់ពន្ធថ្នាំញៀន ចេញលិខិតឆ្លងដែនការបរទេសខ្មែរដល់ពលរដ្ឋចិន និងការរត់ពន្ធមនុស្សជាដើម។

ការបំភ្លឺរបស់ឯកឧត្តម ប្រាក់ សុខុន ដូចតទៅ៖

រឿងនេះកើតចេញពីការរកឃើញថា មានការបាត់ visa stickers ហើយមានការចោទប្រកាន់គ្នាទៅវិញទៅមករវាងអ្នកទទួលខុសត្រូវនៅក្នុងស្ថានអគ្គកុងស៊ុលនោះ។ ដើម្បីរកមូលហេតុ និងអ្នកដែលទទួលខុសត្រូវពិតប្រាកដ ក្រសួងក៏សម្រេចបើកការស៊ើបអង្កេតស្រាវជ្រាវករណីនេះ។ ដោយការស៊ើបអង្កេតផ្ទៃក្នុងមិនអាចវែកញែករកឃើញយុត្តធម៌​នោះបាន ក៏ករណីនេះត្រូវបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ទើបរឿងឡើងដល់តុលាការ ហើយក៏មានដីកាសម្រេចបែបនេះក្រោយស៊ើបអង្កេតចប់។

ចំពោះសំនួររបស់លោករស្មី យើងត្រូវញែករឿងជាពីរ។

ទីមួយ៖ ខ្លឹមសារនៃអ្វីដែលហៅថាការលើកឡើងរបស់អ្នកវិភាគ ធាតុពិតជាការចោទប្រកាន់ និងសំអុយឈ្មោះទៅវិញទេ ហើយជាការចោទប្រកាន់ធ្ងន់ធ្ងរព្រោះប៉ះពាល់ដល់កិត្តិយស កិត្យានុភាពប្រទេសយើង។ បើដូច្នេះ អ្នកដែលតាំងខ្លួនជាអ្នកវិភាគ ត្រូវហ៊ានចេញមុខបកស្រាយ ផ្តល់ភស្តុតាង ការពារអំណះអំណាងរបស់ខ្លួន ព្រោះការចោទប្រកាន់របស់គាត់ ជាការបង្ខូចឈ្មោះស្ថាប័នរាជរដ្ឋាភិបាល។

ទីពីរ៖ ខ្ញុំត្រូវបកស្រាយចំពោះពាក្យចោទប្រកាន់ទាំងនោះ ដែលប្រមាថដល់ស្ថាប័នរដ្ឋយ៉ាងធ្ងន់ធ្ងរ តែដោយល្ងង់ខ្លៅ ដូចតទៅ៖

១- ចំណូលដែលបានមកពីស្ថានកុងស៊ុលនានា គឺសឹងតែទាំងស្រុង ជាចំណូលពីការបង់ថ្លៃទិដ្ឋាការពីសំណាក់ភ្ញៀវបរទេស។ ចំណូលនេះត្រូវបានផ្ទៀងផ្ទាត់និងបង្វែរមកក្រសួង ហើយបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមពេលវេលាកំណត់ជាទៀងទាត់។ ភាពហ្មត់ចត់ក្នុងការផ្ទៀងផ្ទាត់នេះហើយ ទើបនាំដល់ការរកឃើញការបាត់ visa stickers កន្លងទៅនេះ។

២- ស្ថានទូត ស្ថានអគ្គកុងស៊ុលយើងទាំងអស់នៅបរទេស មិនមានចេញលិខិតឆ្លងដែនទេ។ ក្រសួងមិនផ្តល់លិខិត និងឧបករណ៍ឲ្យស្ថានបេសកកម្មយើងនៅក្រៅប្រទេសនោះ សម្រាប់ចេញលិខិតឆ្លងដែននោះទេ ទោះប្រភេទណាក៏ដោយ។ ហេតុនេះ ការចោទថាស្ថានអគ្គកុងស៊ុលចេញលិខិតឆ្លងដែនឲ្យបរទេស គឺជាការបកអាក្រាតភាពល្ងង់ខ្លៅនៃអ្នកចោទទៅវិញទេ។

៣- ការចោទថា ស្ថានអគ្គកុងស៊ុលរកចំណូលតាមរយះការលាងលុយកខ្វក់ រត់ពន្ធថ្នាំញៀន ដោយគ្មានបង្ហាញភស្ថុតាងអ្វីទាំងអស់នោះ គឺជាការបង្ខូចឈ្មោះ មួលបង្កាច់ទាំងស្រុង។ ម៉្យាងទៀតក៏ជាការមើលងាយដល់សមត្ថកិច្ចនៃអជ្ញាធររដ្ឋម្ចាស់ផ្ទះយ៉ាងងងើលដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា៖ «ចំពោះការរត់ពន្ធមនុស្ស វាជាបញ្ហាដែលកើតមានសម្រាប់គ្រប់ប្រទេសនៅលើលោក។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺស្ថានទូត ស្ថានអគ្គកុងស៊ុលខ្មែរយើងទាំងអស់មិនមែនជាអ្នកប្រព្រឹត្តជំនួញទុច្ចរិតនេះទេ តែស្ថាប័នយើងជាអ្នកជួយទប់ស្កាត់ឧក្រិដ្ឋកម្មនេះ និងជួយសង្គ្រោះអ្នកដែលរងគ្រោះទៅវិញទេ។ ការការពារផលប្រយោជន៏ជាតិ និងប្រជាពលរដ្ឋយើងនៅក្រៅប្រទេស គឺជាភារកិច្ចស្នូលនិងសំខាន់បំផុតនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ»៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាលប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ​កុំជឿគ្រូបុរាណខ្មែរដែលអួតអាងថា ​ព្យាបាលជំងឺគ្រាប់ឈាមសស៊ីឈាមក្រហម​ជា​ ១០០ភាគរយ
ព័ត៌មានជាតិ
លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ
ព័ត៌មានជាតិ
ស្ថានទូតបារាំងត្រៀមខ្លួនរួចរាល់ហើយ ​សម្រាប់ទទួលស្វាគមន៍​សាធារណជនចូលទស្សនាក្នុងឧទ្យានពណ៌ខៀវស្រងាត់ ​ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១៥​រសៀល​
ព័ត៌មានជាតិ
ទីក្រុង​ស្អាត បរិស្ថាន​ល្អ ទេសចរណ៍​សំបូរបែប ផ្ដើមចេញពី​យើង​
ព័ត៌មានជាតិ
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ​ចុះពិនិត្យការជន់លិចនៅក្រុងពោធិ៍សាត់ និងណែនាំអាជ្ញាធរឲ្យរកទីទួលសុវត្ថិភាព ​ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋពេលទឹកជន់លិចខ្លាំង
ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា ​ទូលសុំព្រះតេជគុណ ហាក់ សៀងហៃ​ ដើរតួនាទីផ្សព្វផ្សាយនូវពាក្យថ្មីៗ ​ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័តរួចចំនួន ១១ក្បាល​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី