(ភ្នំពេញ)៖ លោកវ៉ាង យី (Wang Yi) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា។
តាមកម្មវិធីរដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាដាច់ដោយឡែកជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
មន្ត្រីស្ថានទូតចិនប្រចាំកម្ពុជាថ្លែងថា លោកវ៉ាង យី (Wang Yi) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០។
សូមរម្លឹកថា រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី(Wang Yi) បានដឹកនាំគណៈប្រតិភូអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដើម្បីពង្រឹងចំណងទាក់ទងនៃប្រទេសទាំងពីរ៕



