(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែធ្នូនេះ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជំងឺកូវីដ១៩ ចំនួន ៧នាក់ បានជាសះស្បើយ។ ក្នុងនោះ មានអ្នកជាសះស្បើយ ៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ កាលពីថ្ងៃទី១៥ ខែធ្នូ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ។
សេចក្តីប្រកាស លើកឡើងថា ករណីជាសះស្បើយ ៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រួមមាន៖ ១.កុមារា ជនជាតិខ្មែរ អាយុ ១២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាកូនប្រុសស្ត្រីអាយុ ៣៦ឆ្នាំ និងជាចៅប្រុសរបស់ឯកឧត្តមអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ២.បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យឯកឧត្តមអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ៣.បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាជំនួយការរបស់ឯកឧត្តមអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ៤.ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ បុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា បុគ្គលទាំងប្រាំនាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពបីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ជាសរុប អ្នកជាសះស្បើយ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានកើនឡើងដល់ ៨នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុប ៤១នាក់។
ដោយឡែក អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់ កាលពីថ្ងៃទី១៥ ខែធ្នូ ដែលជាអ្នកមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រួមមាន៖ ស្ត្រីជនជាតិខ្មែរអាមេរិកកាំង អាយុ ៦២ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពបីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ចំណែកម្នាក់ទៀត ជាបុរសជនជាតិអាមេរិកកាំង អាយុ ៤២ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពបីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា មានបុរសជាអ្នកជំងឺកូវីដ១៩ ម្នាក់ មុនពេលរកឃើញថា មានវីរុសកូវីដ១៩ ធ្លាប់បានទៅអង្គុយពិសាកាហ្វេ នៅហាងឈ្មោះ Hidden Coffee ដែលមានទីតាំងនៅផ្ទះលេខ ១២៥ ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង ១៥:៣០ នាទី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ ដូច្នេះក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅហាងកាហ្វេនេះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០ នាទី ដល់ម៉ោង ១៦:០០នាទីរសៀល សូមអញ្ជើញទៅធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀងរាល់ម៉ោងធ្វើការ និងសូមលោកអ្នកធ្វើចត្តាឡីស័ក នៅតាមផ្ទះរបស់ខ្លួន ឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួនឲ្យបានហ្មត់ចត់ជាទីបំផុត។ ប្រសិនបើមានបញ្ហាសុខភាព សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខ៖ 012 825 424 ឬ 012 488 981 ឬ 012 836 868។
ក្រសួងសុខាភិបាល ក៏បានលើកឡើងថា កាលពីថ្ងៃទី១៥ ខែធ្នូ មានសំណាកសរុប ១១៣៦សំណាក់ ដែលក្នុងនោះ មាន ៩១៨សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់។ ដោយឡែក មាននៅសល់វត្ថុសំណាក ចំនួន ២២៤សំណាកទៀត ដែលត្រូវធ្វើវិភាគបន្ត នៅថ្ងៃទី១៦ ខែធ្នូនេះ។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦២នាក់។ ក្នុងនោះ អ្នកជាសះស្បើយ មានចំនួន ៣១៩នាក់ និង ៤៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ( ២៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ១០នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ និង ៧នាក់ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន)៕





