(ភ្នំពេញ)៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានការបរិច្ចាគជាទឹកប្រាក់សរុបចំនួន ៣៥២ ៩៣៤ ដុល្លារអាមេរិក និង ១ ៩២០ ០៧៤ ១៤៩ រៀល ដោយរួមទាំងថវិកាបរិច្ចាគចំនួន ១៣ ០១៥ ដុល្លារអាមេរិក និង ៨ ៩៥០ ០០០ រៀល ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់ នៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ ព្រមទាំងថវិកាបរិច្ចាគចំនួន ១០០ ៤០៥ ដុល្លារអាមេរិក និង ៦៩ ៧៩៣ ០០០ រៀល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលអង្គភាព Swift News ទទួលបាននៅរសៀលថ្ងៃទី៨ ខែតុលានេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ចំនួនថវិកាសរុបនេះ ទទួលបានពីការបរិច្ចាគពីសំណាក់សប្បុរសជនចំនួន ៣៥ ៤១២ រូប ដែលរួមមាន សមាជិកកិត្តិយសចំនួន ១៣ រូប, សមាជិកគាំទ្រចំនួន ៣៣ ០៣២ រូប, សប្បុរសជនផ្សេងៗ ចំនួន ២ ៣៦៧ រូប, និងថវិកាទទួលបានមកពីហិបនៅតាមគោលដៅចំនួន ១២ ទីតាំង។
សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនៈវិស័យ កុមារជាអនាគតរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្តសាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយ៖ ធនាគារ ABA , ធនាគារ ACLEDA ,ធនាគារ Canadia , ធនាគារ Chip Mong ,ភ្នាក់ងារ Wing និងភ្នាក់ងារ True Money ឬតាមរយៈការអញ្ជើញមកបរិច្ចាគដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬរយៈលេខទូរសព្ទ៖ ០៦១ ៧០ ១១១១។
សប្បុរសជននានាអាចចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕



