(ភ្នំពេញ)៖ បើតាមសេចក្ដីជូនដំណឹងថ្មីមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានសម្តែងការសោកស្តាយ បន្ទាប់ពីកម្មករក្រុមហ៊ុន ស៉ីនទ្រី បន្ដមិនចេញប្រមូលសំរាមតាមការព្រមព្រៀង។
រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៉ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុ អង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
សូមរំលឹកថា ក្នុងអង្គប្រជុំរកដំណោះស្រាយ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៉ីនទ្រី បានព្រមព្រៀងដូចខាងក្រោម៖
-ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ
-ទី២៖ ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទើបបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ
-ទី៣៖ សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។
ប៉ុន្ដែជាក់ស្ដែង នៅល្ងាចថ្ងៃទី០៧ ខែតុលា ដដែលកម្មករនិយោជិត ដែលជាអ្នកបើកបរ បានកែប្រែចិត្តមិនព្រមចេញឡានទៅប្រមូលសំរាម តាមការព្រមព្រៀងនោះឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងចាត់វិធានការ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីប្រមូលសំរាមដែលមានការកកស្ទះនៅរាជធានីភ្នំពេញ ឱ្យអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕




