(តាកែវ)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងប្រតិភូបានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវអាគារថ្មី របស់ ធនាគារជាតិកម្ពុជា ខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិកម្ពុជា បានថ្លែងថា ដោយសារសុខសន្តិភាពនិងស្ថិរភាពនយោបាយយ៉ាងរឹងមាំ សកម្មភាពសេដ្ឋកិច្ចបានរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។ ជាក់ស្តែង នៅថ្ងៃនេះ អគារធនាគារជាតិនៃកម្ពុជា សាខាខេត្តតាកែវ ត្រូវបានកសាងឡើងថ្មីនិងដាក់ឱ្យដំណើរការ ជំនួសឱ្យអគារចាស់ទ្រុឌទ្រោមសល់ពីសម័យបារាំងមក។
សមិទ្ធផលថ្មីនេះនឹងចូលរួមកាន់តែសកម្មថែមទៀត គាំទ្រការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាលើកសោភ័ណភាពខេត្ត។ អគារសាខាថ្មីនេះ នឹងបម្រើជាឃ្លាំងដ៏រឹងមាំសម្រាប់រក្សាទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងនិងសម្រួលចរាចរណ៍សាច់ប្រាក់ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
លោកទេសាភិបាល ក៏បានផ្តាំផ្ញើឱ្យ មន្ត្រី បុគ្គលិក សាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវ ទាំងអស់ត្រូវបន្ត អនុវត្ត មុខងារ - ភារកិច្ច របស់ខ្លួន ប្រកបដោយ ស្មារតី ទទួលខុសត្រូវខ្ពស់មានភាពស្មោះត្រង់រក្សា ការសម្ងាត់វិជ្ជាជីវៈខិតខំ អភិវឌ្ឍ ខ្លួនឯង និង បន្ត ស្មារតីសាមគ្គី និងសហការគ្នាល្អជាប្រពៃណី ព្រមទាំង ខិតខំ យកចិត្តទុកដាក់បម្រើសេវាជូនឱ្យ មន្ទីរ - អង្គភាព រដ្ឋ ធនាគារ ពាណិជ្ជ និង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រកបដោយ ប្រសិទ្ធភាព៕



