(ខេត្តក្រចេះ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ក្រុងពាលីសាងសង់អគារស្នាក់ការ ដើម្បីពង្រឹងការងាររបស់ខ្លួន អគារទីស្នាក់ការរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ មានទំហំ ៤.៦ គុណ ២១.៥ មែត្រ ស្មើនឹង២ជាន់ បានធ្វើពិធីក្រុងពាលីសាងសង់នារសៀលថ្ងៃទី៧ តុលា ឆ្នាំ ២០២០ ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានយុវជនស.ស.យ.ក ខេត្ត និងលោកជំទាវ ហឹង ណារី វ៉ា ថន រួមនិងសមាជិសមាជិការផងដែរ។
អគារស្នាក់ការនេះដែរ សាងសង់ក្នុងទីតាំងសង្កាត់ក្រុងក្រចេះ ដើម្បីពង្រឹង និងពង្រីកនូវរចនាសម្ព័ន្ធរបស់ក្រុមយុវជន ក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាចូលរួមកសាង និងអភិវឌ្ឍន៍ខេត្តក្រចេះផងដែរ ។
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បង្កើតឡើងក្នុងគោលបំណង ៖
-ដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម
-ជាតំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជា ទាំងខាងជីវភាព ស្មារតី និងសង្គម -ទំនាក់ទំនង និងសហការល្អជាមួយអង្គការសង្គម សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជនសំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និងរួមលើកកម្ពស់ការអប់រំ ថែទាំ និងសុខភាពរបស់កុមារ កម្ពុជា -ទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិ អន្តរជាតិ បុគ្គល ប្រជាជន និងយុវជនប្រទេសនានាលើសកលោក ក្នុងការតស៊ូដើម្បី សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងអនាគតស្រស់បំព្រងរបស់យុវវ័យ ។
សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា បានប្រែឈ្មោះមកជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីបន្តបុព្វហេតុ ការការពារ និងបេ្តជ្ញារក្សាមិនឱ្យ បាត់បង់នូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តការចូលរួមជាមួយសង្គមជាតិ ក្នុងការស្តារ កសាង និង បង្កើតសមិទ្ធផលនានាសម្រាប់កម្ពុជា ។
ស.ស.យ.ក. ក៏បានចូលរួមយ៉ាងសកម្មក្នុង សកម្មភាពវប្បធម៌ សាសនា តាមរយៈការជំរុញការស្វែងយល់ពីប្រវត្តិសាស្រ្ត ការចូលរួមចំណែកក្នុងវិស័យអប់រំ សង្គម មនុស្សធម៌ កីឡា សិល្បៈ កំសាន្ត ដែលអនុញ្ញាតឲ្យយុវជនគ្រប់និន្នាការចូលរួមបានយ៉ាងទូលំទូលាយ៕




