ចេញផ្សាយ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០
(ភ្នំពេញ)៖ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងកាលពីថ្ងៃទី៧ ខែតុលានេះថា ការរៀបចំសិក្ខាសាលានេះ ដើម្បីពន្យល់បងប្អូនប្រជាពលរដ្ឋ ពីសារៈសំខាន់នៃការកសាងផ្លូវវាងក្រុង ឬក្រវ៉ាត់ក្រុងទី៤ ដែលត្រូវបានសិក្សាចប់សព្វគ្រប់។
ឯកឧត្តមបានបញ្ជាក់ថា រាល់គម្រោងនានា មិនបានដកខ្លួនថយ ឬកាត់បន្ថយគម្រោងណាទេ នៅតែបន្តកសាងប្រព័ន្ធផ្លូវថ្នល់ទោះជាយើងមានបញ្ហាកូវីដ១៩ ក៏ដោយ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមជំរុញឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។
គួរជម្រាបថា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ ត្រូវបានធ្វើការសិក្សាដោយក្រុមហ៊ុនជំនាញសាងសង់ Shanghai Construction Group របស់ចិន ដែលកំពុងបន្តសកម្មភាពសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅពេលសព្វថ្ងៃនេះ។ ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ មានប្រវែងសរុប ៥២,៩៨៣គីឡូម៉ែត្រ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗ ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី។
ដោយឡែក គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៤ ធ្លាប់បាន ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហើបឲ្យដឹងថា នឹងត្រូវតភ្ជាប់ពីផ្លូវជាតិលេខ៥១ និងលេខ៤១។ ផ្លូវជាតិលេខ ៥១ និង ៤១ នាពេលបច្ចុប្បន្ននេះ បាននិងកំពុងមានសកម្មភាពសេដ្ឋកិច្ច និងសក្តាពលនុពលខ្ពស់លើវិស័យអចលនទ្រព្យ និងគម្រោងវិនិយោគធំៗជាច្រើន រួមមានគម្រោសាងសង់រោងចក្រ សហគ្រាស និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតំបន់ផ្លូវនេះផងដែរ៕




