(អន្តរជាតិ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថាកងទ័ពអាមេរិកទាំងអស់នៅក្នុងប្រទេសអាហ្គានីស្ថាន គួរតែវិលត្រលប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញ នៅត្រឹមថ្ងៃបុណ្យគ្រឹស្តម៉ាស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «យើងគួរតែឱ្យស្ត្រី និងបុរសក្លាហានរបស់យើងដែលនៅសល់តិចតួច ដែលបំរើការងារនៅប្រទេសអាហ្គានស្ថានវិលត្រលប់មកប្រទេសកំណើតនៅត្រឹមថ្ងៃបុណ្យគ្រឹស្តម៉ាស់»។
យ៉ាងណាមិញនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថាតើលោកត្រាំ កំពុងតែចេញបទបញ្ជា ឬជាការលើកទឹកចិត្តដោយពាក្យសំដីទៅកាន់ យោធាអាមេរិកដែលប្រចាំការនៅប្រទេសអាហ្គានីស្ថាន។
ការលើកឡើងបែបនេះ បានកើតមានឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ លោក រ៉ូប៊ឺត អូព្រីយែន ប្រកាសថា សហរដ្ឋអាមេរិកមានយោធាតិចជាង៥០០០នាក់នៅប្រទេសអាហ្គានីស្ថាននៅពេលបច្ចុប្បន្ន ហើយចំនួនយោធានេះ នឹងកាត់បន្ថយមកនៅ២៥០០នាក់នៅត្រឹមដើមឆ្នាំក្រោយ។
សូមរំលឹកថានៅក្នុងកិច្ចព្រមព្រៀងប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងតាលីបង់ កាលពីខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា កងកម្លាំងបរទេសទាំងអស់នឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅខែឧសភា ឆ្នាំ២០២១ ជាថ្នូរនឹងការធានាប្រឆាំងនឹងអំពើភេរវកម្ម ដែលយល់ព្រមចរចាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ ព្រមទាំងទៅលើរូបមន្តចែកអំណាច ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានផងដែរ៕




