(កូរ៉េ)៖ ក្រុមមន្រ្តីកូរ៉េខាងត្បូងបានរាយការណ៍នៅព្រឹកថ្ងៃសុក្រ ទី៩ ខែតុលានេះថាអគ្គិភ័យបានរាលដាលពាសពេញអាគារខ្ពស់មួយនៅប្រទេសកូរ៉េខាងត្បូងដែលបណ្តាលឱ្យមានការរងរបួសស្រាលដល់មនុស្សជាច្រើន។
ក្នុងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការស្លាប់ឬរបួសធ្ងន់ធ្ងរណាមួយទេ។ ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងបាននិយាយថាមនុស្សយ៉ាងតិច ៨៨ នាក់ត្រូវកំពុងទទួលការព្យាបាលរបួសស្រាលនៅមន្ទីពេទ្យ ។តាមសេចក្តីរាយការណ៍បានឱ្យដឹងថា អគ្គិភ័យបានចាប់ផ្តើមនៅម៉ោងប្រហែល ២៣ និង ០០ នាទី (ម៉ោងក្នុងស្រុក) កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយត្រូវបានឆាបឆេះកាន់តែខ្លាំងៗដោយសារអំណាចខ្យល់បក់ខ្លាំង។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងបាននិយាយថា ខ្យល់បក់ខ្លាំងបានធ្វើឱ្យមានការពិបាកគ្រប់គ្រងអគ្គិភ័យ ខណៈភ្លើងបានឆាបឆេះនៅចន្លោះជាន់ទី៨ និងទី១២ នៃអគារពាណិជ្ជកម្មនិងលំនៅដ្ឋាន Samhwan Art Nouveau ដែលមាន ១២០ គ្រួសារ និងហាងទំនិញ។
សាក្សីឃើញផ្ទាល់ភ្នែកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា៖«ភ្លាមៗនោះភ្លើងបានឆាបឆេះ បង្អួចបានបែក ហើយបន្ទប់ទទួលភ្ញៀវ និងបន្ទប់គេងបានឆេះឡើង»។ អ្នកខ្លះទៀតប្រាប់ YTN News ថាសម្ភារៈភ្ជាប់នៅខាងក្រៅអគារទំនងជាបានធ្វើឱ្យភ្លើងឆាបឆេះរាលដាលយ៉ាងឆាប់រហ័ស។ យ៉ាងណាក៏ដោយអាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឱ្យមានអគ្គិភ័យនេះនៅឡើយទេ៕



