(អន្តរជាតិ)៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសឥណ្ឌាបានកើនឡើងដល់ជាង ៧លាននាក់ (៧,១២០,៥៣៨) គិតត្រឹមថ្ងៃទី១២ ខែតុលានេះ ទោះករណីឆ្លងថ្មីបានធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។ ក្នុងនោះក្រសួងសុខាភិបាល នៅថ្ងៃច័ន្ទនេះក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៦៦,៧៣២ករណី ក្នុងរយៈពេល ២៤ម៉ោង និងមានអ្នកស្លាប់ចំនួន៨១៦ករណី ដែលនាំឱ្យអ្នកស្លាប់សរុប ១០៩,១៥០ករណី។
ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយចំនួនឆ្លងសរុបនឹងលើសពីសហរដ្ឋអាមេរិក ដែលកំពុងមានករណីសរុប ៧.៧ លាននាក់។
ជាមួយនឹងការកើនឡើងរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌាលោក Harsh Vardhan បានជម្រុញឱ្យប្រជាជនអបអរពិធីបុណ្យនៅផ្ទះខណៈចំនួនអ្នកឆ្លងជំងឺ COVID-19 កើនឡើងជាង៧លានករណី។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៧,៧៥៥,០១៣ ករណី និងស្លាប់ចំនួន១,០៨១,៥០៨ ករណី ព្រមទាំងព្យាបាលជាសះស្បើយចំនួន ២៨,៣៦១,៤៥៤ករណី៕




