(អាមេរិក)៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនមានចេញរោគសញ្ញានៃជំងឺ COVID-19 នៅពេលនេះទេ។លោកក៏បានបង្ហាញសញ្ញាថា ចង់វិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញដែរ ដោយសារតែការបោះឆ្នោតប្រធានាធិបតីនៅមិនដល់មួយខែទៀតប៉ុណ្ណោះ។ប៉ុន្តែយ៉ាងណាឥឡូវនេះជំងឺ COVID-19 កំពុងឆ្លងរីករាលដាលនៅក្នុងរដ្ឋបាលរបស់គាត់ ដែលវាកំពុងតែជំរុញឱ្យមានការរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាល។
រំលឹកដែរថាលោក ដូណាល់ ត្រាំ បានចូលសម្រាកព្យាបាលជំងឺ COVID-19 នៅមន្ទីរពេទ្យយោធាជាតិកាលពីថ្ងៃសុក្រ និងបានវិលត្រឡប់មកសេតវិមានវិញនៅថ្ងៃចន្ទ។ កាលពីថ្ងៃអង្គារ លោកក៏បានសរសេរសារលើ Twitter ដែលបង្ហាញបំណងថា លោកចង់បន្ដកិច្ចការជជែកវែកញែកជាមួយគូប្រជែងរបស់គាត់ គឺលោក ចូ បាយដិន នៅអាទិត្យក្រោយនេះ។
ចំណែកលោក ចូ បាយដិន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ការជជែកដេញដោលដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ក្រោយ គួរតែត្រូវបានផ្អាកសិនប្រសិនបើលោក ដូណាល់ ត្រាំ នៅតែឆ្លងជំងឺនេះ៕




