ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អំពាវនាវដល់នគរបាលទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គម​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ស្ពឺ)៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានក្រើនរំលឹកដល់នគរបាលទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសបុក ខណៈការលេងរបស់ជនអគតិមួយក្តាប់តូចបានយកហ្វេសបុកនេះ ដើម្បីបំផុសបំផុលឲ្យមានការចលាចលសង្គម ដែលអាចឈានដល់ការធ្វើបដិវត្ត ពណ៌បំផ្លាញសុខសន្តិភាពប្រទេសជាតិដែលកំពុងមានសព្វថ្ងៃ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទវគ្គបំប៉នជំនាញវិជ្ជាជីវៈផ្ទៃក្នុងមន្រ្តីនគរបាល និងប្រកាសតែងតាំមុខតំណែង បំពាក់ឋានន្តរស័ក្តិ នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបើកឲ្យប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ដោយសេរីរហូតអ្នកខ្លះបានយកបណ្តាញសង្គមនេះ មកធ្វើការរិះគន់ និងញុះញង់ឲ្យមានការស្អប់ថ្នាក់ដឹកនាំ និងវាយប្រហារនគរបាល ខណៈដែលនគរបាលបានប្រព្រឹត្តកំហុសឆ្គងអ្វីជាដើមនោះ។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ថា «ការលេងបណ្តាញសង្គម ដូចជាយូធូប តិកតុក និងហ្វេសបុកនេះ ពេលឃើញគេបង្ហោះហើយសូមកុំទាន់ជឿ ហើយត្រូវយកមកពិចារណា ខណៈសព្វថ្ងៃនេះមានជនមួយចំនួនកំពុងតែបំពុលបរិយាកាសសង្គម ហើយជនខិលខូចខ្លះទៀតកំពុងតែយកបណ្តាញសង្គមនេះ មកបោកបងប្អូនប្រជាពលរដ្ឋយកលុយ។ ដូច្នេះសូមយើងទាំងអស់គ្នាត្រូវចេះពិចារណាទាក់ទងនឹងការលេងនេះ ហើយត្រូវតែមានការប្រុងប្រយ័ត្នកុំឲ្យការលេងតាមបណ្តាញសង្គមនេះក្លាយជាផលវិបាកដល់ខ្លួនឯង ពិសេសបង្កើតអោយមានចលនាបដិវត្តពណ៌ឲ្យសោះ»។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ននេះប្រទេសជាតិកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដូច្នេះក្នុងនាមយើងជានគរបាលត្រូវតែការពារឲ្យបានដាច់ខាតនូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ដោយមិនត្រូវអនុញ្ញាតឲ្យបុគ្គលណាមួយមកធ្វើការបំផ្លិតបំផ្លាញបាននោះឡើយ។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ជាពិសេសមានឆន្ទៈ និងគុណធម៌ក្នុងការបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានអំពាវនាវដល់សិក្ខាកាមជានគរបាលទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ទាក់ទងនឹងមេរោគកូវិដ១៩ ខណៈមេរោគនេះនៅតែបន្តកើតឡើងជាបន្តបន្ទាប់នៅលើសកលលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងនេះ។ ដោយកុំសន្តិភាពនិយម ជាមួយនឹងមេរោគមួយនេះឲ្យសោះនោះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បាននាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់ថ្នាក់ដឹកនាំ មន្រ្តីនៃសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ចំនួន ៥១នាក់ ម្នាក់ទទួលបាន ៥ម៉ឺនរៀល និងសិក្ខាកាមជានគរបាលចំនួន ៥៣នាក់ ម្នាក់ទទួលបាន ៥ម៉ឺនរៀល និងបានឧបត្ថម្ភភេសជ្ជៈមួយចំនួន ដើម្បីសម្រាប់អាហារសាមគ្គីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
មោទនភាពជនជាតិខ្មែរ​! ​អបអរសាទរ ដល់និស្សិតខ្មែរ កញ្ញា ធន់ រិទ្ធិ ស៊ីវយី ​ទទួលបានជ័យលាភីលេខ១​ ក្នុងកម្មវិធី 2020 Quiz On Korea ​
អន្តរជាតិ
សម្តេចក្រឡាហោម ស ខេង ​ផ្តល់ជំនួយសង្គ្រោះបឋម អង្ករ២០តោន ​មី២០០កេស និងត្រីខកំប៉ុង២០០យួរ​ ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង ​
ព័ត៌មានជាតិ
អ្នកនាំពាក្យរាជធានី៖ បងប្អូនកម្មករក្រុមហ៊ុន ស៊ីនទ្រី ​ប្រមាណ៣០០នាក់ ​ក្នុងចំណោមអ្នកកំពុងធ្វើកូដកម្ម ​បានភ្ញាក់រលឹកវិលត្រឡប់ចូលបំរើការងារវិញ​
ព័ត៌មានជាតិ
ឯកឧត្តម ទៀ សីហា ​ចុះពិនិត្យ ស្ថានភាពទឹកស្ទឹងសៀមរាប​ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង​
ព័ត៌មានជាតិ
ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បញ្ជា​ឲ្យ​កម្មករ​ស៊ីន​ទ្រី ផ្អាក​កូដកម្ម ហើយ​ចូលធ្វើការ​វិញ នៅ​ថ្ងៃទី​១០ ខែតុលា​នេះ​
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ជា​ស្ត្រី​ជនជាតិ​បារាំង ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី