(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បានរកឃើញស្ត្រីជនជាតិបារាំងម្នាក់ អាយុ ៣៣ឆ្នាំ ឆ្លងជំងឺកូវីដ១៩។ ស្ត្រីបារាំងនេះ ស្នាក់នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង ដោយបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។ អ្នកជំងឺនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានប្រកាសថា អ្នកដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥៩នាក់ (ស្ត្រី ១៨នាក់ )។ អ្នកដំណើរ ៥៨នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នង ចំនួន ៦នាក់ សណ្ឋាគារមួយនៅរាជធានីភ្នំពេញ ១៣នាក់ សណ្ឋាគារមួយទៀត នៅរាជធានីភ្នំពេញ ៣៣នាក់និងនៅសណ្ឋាគារមួយផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ចំនួន ២នាក់។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា នៅទូទាំងប្រទេស មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន ២៨៣នាក់។ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ មានចំនួន ២៧៧នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ មាន ៦នាក់ ( មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ៤នាក់ ( ស្ត្រីឥណ្ឌា បុរសឥណ្ឌូនេស៊ី បុរសជនជាតិខ្មែរ មកពីប្រទេសកូរ៉េខាងត្បូង និងស្ត្រីជនជាតិបារាំង ) រីឯនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មាន ២នាក់ ( បុរសហុងគ្រី និងបុរសជនជាតិបារាំង )៕




