(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល រាយការណ៍ថា ឧកញ៉ាម្នាក់ឈ្មោះ សុខ សីលា បានបញ្ជាឲ្យកម្មករខ្លួនចាក់ខ្សាច់បំពេញដីចំណីទន្លេ បំណងព័ទ្ធយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រភពរាយការណ៍បន្តថា ឧកញ៉ា សុខ សីលា កំពុងសាងសង់អគារ ហើយប៉ុនប៉ងព័ទ្ធយកដីចំណីទន្លេក្បែរនោះទៀត ប៉ុន្តែការណ៍នេះត្រូវបានបែកធ្លាយដឹងដល់អភិបាលខេត្តកណ្តាល។
ប្រជាពលរដ្ឋនៅស្រុកកោះធំ បានបន្តបង្ហើបប្រាប់អ្នកសារព័ត៌មានថា ករណីរំលោភយកដីចំណីទន្លេធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយសាងសង់សំណង់រឹងមាំ កើតមានជាយូរមកហើយ។
បន្ទាប់ពីព័ត៌មានលេចឮ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តបានបញ្ជាឲ្យផ្អាកសកម្មភាពនេះបន្ទាន់ ហើយករណីនេះអាជ្ញាធរពាក់ព័ន្ធកំពុងពិនិត្យមើលបន្ថែមទៀតផងដែរ តើអ្វីដែលអាចធ្វើឲ្យករណីចាក់លុបទន្លេយកដីបានកើតមាន។
អភិបាលស្រុកកោះធំ លោក អេង សុវិចិត្រ បានប្រាប់ភ្នាក់ងារព័ត៌មានប្រចាំខេត្តកណ្ដាលថា រដ្ឋបាលខេត្តចុះផ្អាកហើយ។ ពលរដ្ឋបានប្រាប់ Swift News ថា ត្រឹមវិធានការផ្អាកមិនគ្រប់គ្រាន់ទេ។ អ្នកបំពានដីសាធារណ លុបទន្លេ គួរទទួលវិធានការផ្លូវច្បាប់លើសពីនេះ។ គេបន្តរង់ចាំមើលចំណាត់ការបន្ត៕





