(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីវិជ្ជមានវីរុសុកូវីដ១៩ ចំនួន ៣នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា។ អ្នកឆ្លងថ្មីនេះ មិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាឡើយ។
សេចក្តីប្រកាស បង្ហាញថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ទាំង ៣នាក់នេះ ជាបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅស្រុកដងទង់ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាក លើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ គឺវិជ្ជមានវីរុសកូវីដ១៩។ អ្នកជំងឺនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ រីឯ ២នាក់ទៀត ជាបុរសជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅខេត្តកណ្តាល ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តសំណាក លើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ គឺវិជ្ជមានវីរុសកូវីដ១៩។ អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺ ២នាក់ខាងលើនេះ សរុបមានចំនួន ៥០នាក់។ រីឯអ្នកដំណើរ ចំនួន ៤៨នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស ចំនួន ៣៦នាក់ និងនៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ១២នាក់។
ដោយឡែក អ្នកវិជ្ជមានវីរុសកូវីដ១៩ ម្នាក់ទៀត ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ជាស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន មកដល់កម្ពុជា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តសំណាក លើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់ស្ត្រីនេះ គឺវិជ្ជមានវីរុសកូវីដ១៩។ អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល ក៏បានកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះ ជាមួយស្ត្រីអ្នកទើបរកឃើញកើតជំងឺកូវីដ១៩នេះ មានចំនួន ១៦២នាក់។ ក្នុងនោះ អ្នកដំណើរ ១៦១នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស ចំនួន ២នាក់ និងនៅសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ ចំនួន ១៥៩នាក់។
គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣២៩នាក់។ ក្នុងនោះ ៣០៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ២០នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ៥នាក់ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ )៕




