(ភ្នំពេញ)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រកាសកាលពីថ្ងៃទី១ ខែធ្នូថា ករណីពុលស្រាស នៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨វិច្ឆិកា មកដល់ថ្ងៃទី៣០ ខែវិច្ឆិកា មានអ្នកស្លាប់ចំនួន ១០នាក់ហើយ។ ចំណែកអ្នកពុលស្រានោះ មានចំនួន ១០១នាក់។ ហេតុការណ៍អ្នកស្រុកអ្នកភូមិ ពុលស្រា បានកើតឡើង នៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា តំណាងក្រសួងព្រះបរមរាជវាំង រួមទាំងអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំស្រុកទឹកផុស បានអញ្ជើញ នាំយកអំណោយ ទៅចែកជូនគ្រួសារសព ចំនួន ១០គ្រួសារ ដែលរងគ្រោះដោយពុលស្រា។ អំណោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត១ ដែលមានក្រមា១ ភួយ១ មុង១ សារ៉ុង១ និងថវិកាចំនួន ៥០០.០០០រៀល។ ដោយឡែក អ្នកដែលផឹកស្រា ហើយពុល ចំនួន ១០១នាក់ គឺម្នាក់ៗ ទទួលបាន ឃីត ១កញ្ចប់ មានសារ៉ុង១ មុង១ ភួយ១ ក្រម៉ា១ និងថវិកា ចំនួន ២០០.០០០រៀល។
សូមរម្លឹកថា ហេតុការណ៍ពុលស្រាស នៅខេត្តកំពង់ឆ្នាំងនោះ បានកើតឡើង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ មុនមានករណីពុលស្រានេះ នៅស្រុកភូមិនោះ មានករណីពុលទឹក ដោយសារតែថ្នាំបាញ់ នៅចំការឪឡឹក ដោយបានបណ្តាលឲ្យស្លាប់ស្ត្រីអ្នកភូមិ ២ម្នាក់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។ នៅពេលអ្នកភូមិ ទៅចូលរួមពិធីបុណ្យសពអ្នកស្លាប់ ក្នុងហេតុការណ៍ពុលថ្នាំបាញ់ឪឡឹក ក៏កើតរឿងពុលស្រាសនេះតែម្តង។ មូលហេតុនៃការពុលស្រាស ត្រូវបានមន្ត្រីជំនាញសុខាភិបាល ប្រកាសថា មកពីស្រាសនោះ ផលិត បិតមិនមានលក្ខណៈត្រឹមត្រូវ ហើយមានជាតិមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ដល់សុខភាព។
កាលពីថ្ងៃទី១ ខែធ្នូ អាជ្ញាធរស្រុកទឹកផុស និងស្រុកបរិបូណ៌ បានដឹកនាំកម្លាំងចម្រុះ សហការជាមួយអាជ្ញាធរឃុំ ចុះពិនិត្យទីតាំងផលិតស្រាស គ្មានច្បាប់ ក្នុងឃុំចក ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស។ ក្នុងនោះ អាជ្ញាធរសមត្ថកិច្ចចម្រុះ បានណែនាំឲ្យអ្នកលក់ និងអ្នកផលិតស្រាស ធ្វើកិច្ចសន្យា ដោយបិទសិប្បកម្មផលិតស្រាស ព្រមទាំងដកហូតបានស្រាចំនួន ២៤ កាន ស្មើ ៧២០លីត្រ នៅស្រុកបរិបូណ៌ និងនៅស្រុកទឹកផុស អាជ្ញាធរសមត្ថកិច្ចចម្រុះ បានបិទសិប្បកម្មផលិតស្រាស ចំនួន ៧កន្លែង និងប្រមូលដកហូតស្រាស ស្រាថ្នាំ តាមតូបលក់ នៅក្នុងឃុំក្តុលសែនជ័យ ចំនួន ២កន្លែង៕






