(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ សម្តេច និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្តរកមេរោគកូវីដ-១៩ រួចរាល់ហើយ។ សម្តេចក៏ដូចជាសហការី និងអ្នកនៅជុំវិញខ្លួនទាំងអស់ នឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងអនុវត្តវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់បងប្អូនដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងដោយផ្ទាល់ និងដោយប្រយោល ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ក្នុងន័យរួមគ្នាបង្ការការរីករាលដាលនៃមេរោគនេះ។
សម្តេចពិជ័យសេនា បានបន្ថែមទៀតថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនូវរាល់វិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបន្តចៀសវាងការជួបជុំដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចាកចេញពីផ្ទះបើមិនចាំបាច់»៕


