(ខេត្តកណ្តាល)៖ អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បានចេញសេចក្តីណែនាំ ចំនួន ៧ចំណុច ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុងសហគមន៍នៅខេត្តកណ្តាល។ វិធានការទាំងនោះ រួមមាន៖ ត្រូវផ្អាករាល់ការជួបជុំ ឬការប្រមូលផ្តុំ ដូចជាកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ការជួបជុំបែបសាសនា និងការប្រមូលផ្តុំ ដែលមានមនុស្សលើសពី ២០នាក់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ក្នុងករណីចាំបាច់ អនុញ្ញាតឲ្យមានការជួបជុំ ប៉ុន្តែការជួបជុំនេះ មិនលើសចំនួន ២០នាក់ និងត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម ១,៥ម៉ែត្រ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ព្រមទាំងចាត់តាំងឲ្យមានកម្លាំងធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់ព្រះសង្ឃ មន្ត្រីរាជការ កម្មករ និយោជិត ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ពីព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ឲ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩ ជាដើម។





