(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤២ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងសារជាវីដេអូ ផ្សាយតាមគេហទំព័រហ្វេសប៊ុក សហភាពសហព័ន្ធយុវជនកម្ពុជា
និងគេហទំព័រហ្វេសប៊ុក Hun Many នៅវេលាម៉ោង ៨ និង ៤២នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះ។
ក្នុងសារជាវីដេអូរយៈពេលជាង ៦នាទី ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងនូវការប្តេជ្ញារបស់ក្រុមគ្រួសារ ស.ស.យ.ក ៣ចំណុច រួមមាន៖ ១.ការពារនូវអធិបតេយ្យ បូរណភាពទឹកដី និងការពារឲ្យបានដាច់ខាតនូវភាពសុខដុមមរនារបស់សង្គមជាតិ ២.ចូលរួមឲ្យអស់ពីសមត្ថភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ៣.ត្រូវបន្តចូលរួមចំណែកវិជ្ជមានតាមរយៈសកម្មភាពស្ម័គ្រចិត្ត។
ឯកឧត្តម ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រវ័យក្មេង១រូបផង បានបន្ថែមថា «តាមរយៈការចូលរួមរបស់យើងទាំងអស់គ្នា កម្ពុជានឹងអាចថែរក្សាភាពធន់ និងកាន់តែរឹងមាំ ដើម្បីឆ្ពោះទៅរកអនាគតកម្ពុជា ដែលពោលពេញទៅដោយវិបុលភាព ក្នុងនាមជាម្ចាស់នៃជោគវាយសនារបស់ខ្លួន។ ស.ស.យ.ក បានសម្រេចកិច្ចការជាមោទនជាច្រើនក្នុងពេលកន្លងមក។ ទោះជាយ៉ាងណាក្តី គឺយើងមានកិច្ចការជាច្រើន ដែលយើងត្រូវបំពេញ ដើម្បីប្រទេសជាតិ និងប្រជាជន។ អបអរសាទរ ខួបលើកទី៤២ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា! អរគុណ សន្តិភាព!»។
ក្នុងសារវិដេអូ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកបង្ហាញពីវីរភាពដ៏អង់អាចក្លាហានរបស់យុវជនយុវនារី ដែលបានរួមរួបគ្នា ហ៊ានលះបង់ ដោយដាក់ជីវិតធ្វើជាដើមទុន ដើម្បីសង្គ្រោះប្រជាជនពីរបបប្រល័យពូជសាសន៍ ព្រមទាំងកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ ហើយឈានទៅរំដោះប្រទេសជាតិ និងផ្តួលរលំរបបខ្មែរក្រហម នាថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា «ចេញពីព្រឹត្តិការណ៍មួយនេះ ស្មារតី២ធ្នូ បានកកើតឡើង ដែលក្នុងនោះ សំដៅទៅលើការហ៊ានលះបង់ និងការដែលហ៊ានដាក់អ្វីដែលជាផលប្រយោជន៍បុគ្គលម្នាក់ៗ ដោយឡែក ដើម្បីមករួបរួមគ្នា ពុះពារ ដើម្បីសម្រេចបុព្វហេតុរួម ដើម្បីប្រទេសជាតិ ដើម្បីប្រជាជនខ្មែរយើង»។
ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា «មកដល់បច្ចុប្បន្ន ក្រុមគ្រួសារ ស.ស.យ.ក នៅតែប្រកាន់ខ្ជាប់ និងបន្តស្មារតី២ធ្នូនេះ ដែលក្នុងនោះ យើងបានបន្តចូលរួមជាវិជ្ជមានជាច្រើន ជូនទៅដល់សង្គមជាតិ និងដើម្បីប្រជាជន ជាពិសេសក្នុងដំណាក់កាល ៨ឆ្នាំកន្លងទៅនេះ យើងបានបំពេញកិច្ចការជាច្រើន ទាំងរូបភាពកិច្ចការសង្គម និងសេដ្ឋកិច្ច ក្នុងកម្រិតថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ហើយក៏បានបង្កើតឲ្យមានជាវេទិកា ដើម្បីឲ្យយុវជន ដែលមានទឹកចិត្ត និងឆន្ទៈ លះបង់ទៅដល់សង្គមជាតិ បានចូលរួមចំណែក។ ជាក់ស្តែងនាពេលថ្មីៗនេះ សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា នៅទូទាំងប្រទេស បានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាល ក្នុងការយុទ្ធនាការការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលក្នុងនោះ សមាជិកសមាជិកាបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការផ្សព្វផ្សាយពីហានិភ័យ និងភាពកាចសាហាវនៃជំងឺមួយនេះ ក៏ដូចជាបានចូលរួមក្នុងការឧបត្ថម្ភគាំទ្រទៅលើរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩»៕





