(សហរដ្ឋអាមេរិក)៖ មន្ត្រីយោធាសហរដ្ឋអាមេរិកជាច្រើនរូប នៅក្រសួងការពារជាតិ ត្រូវធ្វើចត្តាឡីស័ក បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។
ក្រសួងការពារជាតិបាននិយាយនៅថ្ងៃអង្គារនេះថា មេបញ្ជាការរងនៃកម្លាំងឆ្មាំសមុទ្រលោក Charles Ray បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយគាត់ធ្លាប់បានចូលរួមកិច្ចប្រជុំកាលពីសប្តាហ៍មុន ជាមួយមេដឹកនាំយោធាជាន់ខ្ពស់ដទៃទៀត។
ប្រភពដដែរបានបន្តថាអ្នកចូលរួមក្នុងកិច្ចប្រជុំនោះ សុទ្ធតែត្រូវនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពមានទាំងប្រធានអគ្គសេនាធិការចម្រុះ លោកឧត្ដមសេនីយ Mark Milley, ប្រធានបុគ្គលិកនៃកងទ័ពអាកាស លោកឧត្ដមសេនីយ Charles Brown និងប្រធានប្រតិបត្តិការអវកាស លោកឧត្តមសេនីយ៍ John Raymond។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិយាយថា មន្រ្តីកំពូលៗផ្សេងទៀតនៅក្នុងជួរកងទ័ព កងទ័ពជើងទឹក និងបញ្ជាការដ្ឋានសម្រាប់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត (Cyber) ក៏នៅដាច់ដោយឡែកដែរ។
ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ មន្ទីរប៉ង់តាហ្គោននិយាយថា គ្មានការផ្លាស់ប្តូរចំពោះការត្រៀមប្រតិបត្តិការ ឬសមត្ថភាពបេសកកម្មរបស់យោធានោះទេ ដោយនិយាយថា មេធំៗទាំងនោះមានសមត្ថភាពបំពេញបេសកកម្ម និងបំពេញភារកិច្ចរបស់ខ្លួនពីទីតាំងផ្សេងៗ៕



