ស៊ីន​ទ្រី ស្ថិតក្នុង​ចំណោម ៦​ក្រុមហ៊ុន ដែល​ជាប់ Shortlist!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីន​ទ្រី ជា​ក្រុមហ៊ុន​មួយ ដែល​បាន​ចូលរួម​ដេញថ្លៃ​ប្រមូល​សំរាម ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ​មួយ​នេះ ស្ថិតក្នុង​ចំណោម ៦​ក្រុមហ៊ុន ដែល​ជាប់ Shortlist​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​ពិចារណា ដើម្បី​សម្រេច​ជ្រើស​យក​ក្រុមហ៊ុន ៣ ដើម្បី​ប្រមូល​សំរាម នៅ ៣​តំបន់ ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ឯកឧត្តម ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​ពិធី​សម្ពោធ​ទីចាត់ការ​សាលាបឋមសិក្សា សន្ធរម៉ុក ស្ថិតក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា «​ពេល​ដ៏​ខ្លី​ខាងមុខនេះ យើង​នឹងធ្វើ​ការដេញថ្លៃ​។ ឥឡូវនេះ យើង​ដេញ​បាន ៦​ក្រុមហ៊ុន​ហើយ​។ Shortlist ៦​ក្រុមហ៊ុន​។ យើង​នឹង​ចំរាញ់​យក ៣​ក្រុមហ៊ុន​។ នៅក្នុង​នោះ មិន​ប្រាកដថា ស៊ីន​ទ្រី មិន​បានទេ​។ អាច​ស៊ីន​ទ្រី បាន​១​។ យើង​មើលឃើញថា ស៊ីន​ទ្រី មានបទពិសោធន៍ ក្នុងការ​ប្រមូល​សំរាម​ហើយ មាន​គ្រឿងចក្រ​ស្រាប់ មាន​កម្មករ​ស្រាប់​។ អីចឹង​គាត់​ក៏​ជា​ជម្រើស​មួយ​ខ្ពស់​ជាងគេ បាត់ទៅហើយ​។ ពេលនេះ គាត់​ជាប់​ក្នុង ៦​ក្រុមហ៊ុន​ហើយ​...»​។ 

​ការលើក​បញ្ជាក់​ជាថ្មី​របស់​អភិបាល​រាជធានី​ភ្នំពេញ​ដូច្នេះ បានធ្វើ​ឡើង បន្ទាប់ពី​ក្រុម​បុគ្គលិក និង​កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី រាប់ពាន់នាក់ បានធ្វើ​កូដកម្ម មិន​ប្រមូល ដឹកជញ្ជូន​សំរាម នៅ​ភ្នំពេញ ចាប់តាំងពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​។ ក្រុម​បុគ្គលិក និង​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី ទាមទារ​បើកប្រាក់​អតីតភាព​ការងារ រួមទាំង​លក្ខខណ្ឌ​មួយចំនួនទៀត​។ ក៏ប៉ុន្តែ​ការទាមទារ​នោះ ត្រូវបាន​អាជ្ញាធរ ចាត់ទុកថា ជាការ​ទាមទារ​ខុសច្បាប់ ហើយ​ក្រុម​បុគ្គលិក និង​កម្មករ​ទាំងនោះ យក​សំរាម ធ្វើជា​ចំណាប់ខ្មាំង​។​

​យ៉ាងណាក៏ដោយ ឯកឧត្តម ឃួ​ង ស្រេង បញ្ជាក់​បន្ថែមថា «​ក្រុមហ៊ុន​ថ្មី​មក ក៏ត្រូវ​ការ​កម្មករ ហើយ​កម្មករ​នេះ នឹង​បន្ត​អតីតភាព​...​។ ឧទាហរណ៍​ថា បើ​ក្រុមហ៊ុន ស៊ីន​ទ្រី ដេញ​បាន​តំបន់​ណាមួយ នោះ​ក្រុមហ៊ុន​ស៊ីន​ទ្រី ប្រតិបត្តិ​នៅ​តំបន់​នោះ​។ បើ​កម្មករ​នេះ លើស កម្មករ​អាចដាក់​ពាក្យ​ទៅ​ក្រុមហ៊ុន​ថ្មី​មួយទៀត ដែលមាន​ការជួយ​ជ្រុំ​ជ្រែង​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​យើងខ្ញុំ ហើយ​ប្រាក់​អតីតភាព​ការងារ គឺ​មិន​ឲ្យ​គាត់​មានការ​បាត់បង់​ទេ​។ សូម​ឲ្យ​តែ​គាត់​ចូលធ្វើការ​។ ប៉ុន្តែ​កិច្ចការងារ​នេះ យើង​ពិភាក្សា ហើយ​យើង​ចរចា​គ្នា មិនត្រូវ​»​។​

​សូមបញ្ជាក់ថា នៅពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ពិចារណា និង​វាយតម្លៃ លើ​ក្រុមហ៊ុន​ចំនួន ៦ ក្រុមហ៊ុន ដែល​បាន​ចម្រាញ់​ចេញពី​ក្រុមហ៊ុន​ជាច្រើន ក្នុងការ​ដេញថ្លៃ​ប្រមូល​សំរាម​នៅ​ភ្នំពេញ​។ ក្នុងនោះ មាន​ក្រុមហ៊ុន​ស៊ីន​ទ្រី ១​ដែរ ដើម្បី​សម្រេច​ចុងក្រោយ ជ្រើស​រើសយក​ក្រុមហ៊ុន ចំនួន ៣ ដើម្បី​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង ប្រកប​លក្ខណៈ​ស្តង់ដារ នៅ​រាជធានី​ភ្នំពេញ ដោយ​បែងចែក​ខណ្ឌ​ទាំង​១៤ នៅ​ភ្នំពេញ ជា ៣​តំបន់​។ តំបន់​នីមួយៗ មាន​ក្រុមហ៊ុន​មួយ ជា​អ្នកទទួលខុសត្រូវ និង​រៀបចំ​តារាង​ពេលវេលា​ជាក់លាក់​ប្រមូល​សំរាម​ពី​គ្រប់​ច្រក​ផ្លូវ​។​

​វិធានការ​ជ្រើសរើស​ក្រុមហ៊ុន​ប្រមូល​សំរាម ដោយ​បែង​ចែកជា ៣​តំបន់​នេះ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩​។ ក្នុងនោះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ដកសិទ្ធិ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ដែល​បាន​ប្រមូល​សំរាម យូរ​ឆ្នាំ​មកហើយ នៅ​ភ្នំពេញ​។ តែ​ក្នុងពេល​អន្តរកាល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រប់គ្រង​ក្រុមហ៊ុន​ស៊ីន​ទ្រី ហើយ​ប្រើប្រាស់​បុគ្គលិក និង​កម្មករ​ស៊ីន​ទ្រី ប្រមូល​សំរាម នៅ​ភ្នំពេញ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកទទួល​លុយ​ថ្លៃ​សេវា​សំរាម​ពី​ប្រជាពលរដ្ឋ និង​ចាត់ចែង​ចំណាយ និង​បើក​លុយ​ឲ្យ​បុគ្គលិក កម្មករ​ប្រមូល​សំរាម​ទាំងនោះ​៕​

អត្ថបទដែលជាប់ទាក់ទង
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងនិងហេដ្ឋារចនាសម្ព័ន្ឋនានា ក្នុងស្រុកសំរោងទង និងស្រុកឧដ្ដុង្គ
ព័ត៌មានជាតិ
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះអន្តរាគមន៍រំដោះទឹកភ្លៀង ដែលជន់លិចផ្លូវមួយចំនួនចេញពីក្រុងបាត់ដំបង នៅប៉ែកខាងលិចស្ទឹងសង្កែ
ព័ត៌មានជាតិ
អភិបាលខេត្តព្រះវិហារ ស្នើឲ្យពង្រឹងការផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
ព័ត៌មានជាតិ
លោកជំទាវ កុយ សុដានី អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពនៃ ការលក់លេខចុះបញ្ជីយានយន្ត
ព័ត៌មានជាតិ
ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​
ព័ត៌មានជាតិ
សមាជិក​ព្រឹទ្ធសភា ឯកឧត្តម ណ​យ ស្រូ​ន សន្យា​ឈប់​ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​ខុសច្បាប់ ជាង ៥០០​ហិច​តា នៅ​ខេត្តមណ្ឌលគិរី​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី