(វ៉ាស៊ីនតោន)៖ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ខេឡេក ម៉ាកអេណានី (Kayleigh McEnany) ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ លោកស្រី ខេឡេក ម៉ាកអេណានី (Kayleigh McEnany) បានសរសេរបង្ហោះថា៖ «បន្ទាប់ពីការធ្វើតេស្តឃើញអវិជ្ជមានជាប្រចាំ តាំងពីថ្ងៃព្រហស្បតិ៍មក នៅថ្ងៃចន្ទនេះ លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ខ្ញុំបានឆ្លងជំងឺ COVID-19 ខណៈពេលដែលខ្ញុំមិនមានរោគសញ្ញាអ្វីឡើយ»។
លេខាធិការសារព័ត៌មានសេតវិមាន វ័យ៣២ឆ្នាំរូបនេះបានបន្ថែមទៀតថា លោកស្រីត្រូវបានដាក់ដាច់ដោយឡែក ប៉ុន្តែលោកស្រីនៅតែបន្តធ្វើការដូចធម្មតា។ គិតត្រឹមថ្ងៃនេះមានមនុស្សចំនួន ១៣ នាក់ដែលដែលជាសមាជិកគ្រួសារ និងមន្ត្រីរដ្ឋបាលត្រាំ បានឆ្លងកូវីដ-១៩ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
សូមរំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លងកូវីដ-១៩ ស្របពេលដែលនៅសហរដ្ឋអាមេរិកមានមនុស្សជាង២១ម៉ឺននាក់បានស្លាប់ដោយសារតែវីរុសនេះ លោកបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃសុក្រសប្តាហ៍មុន៕




