(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកាថា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់ គឺជាស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ ម្នាក់ ដែលមានអាសយដ្ឋាន ស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ បន្តជើងហោះហើរ នៅទីក្រុងដូហា និងនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ រីឯម្នាក់ទៀត ជាបុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុចា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានប្រកាសថា បុគ្គលទាំងពីរនាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ទន្ទឹមនឹងមានអ្នកជាសះស្បើយ ២នាក់នេះ ក្រសួងសុខាភិបាល ក៏បានប្រកាសថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២នាក់ទៀត គឺជាបុរសជនជាតិឥណ្ឌា អាយុ ៣៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់លេខ០៤ ក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌិត និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។ រីឯម្នាក់ទៀត ជាបុរសជនជាតិប៉ាគីស្ថាន អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានប្រកាសថា លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំងពីរខាងលើ គឺវិជ្ជមានវីរុសកូវីដ១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១០៧នាក់។ ក្នុងនោះ អ្នកដំណើរ ១០៥នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅវិទ្យាល័យបុរី ១០០ខ្នង ចំនួន ៣០នាក់ សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ១៧នាក់ សណ្ឋាគារមួយទៀត ក្នុងរាជធានីភ្នំពេញ ម្នាក់ និងសណ្ឋាគារមួយផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ចំនួន ៥៩នាក់។
ក្រសួងសុខាភិបាល បានប្រកាសថា គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា គឺមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៩៤នាក់។ ក្នុងនោះ ២៨៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួមមាន បុរសជនជាតិខ្មែរ ២នាក់ ស្ត្រីជនជាតិខ្មែរ ម្នាក់ ស្ត្រីជនជាតិបារាំង ម្នាក់ បុរសជនជាតិប៉ាគីស្ថាន ម្នាក់ និងបុរសជនជាតិឥណ្ឌា ម្នាក់៕



