(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តម Sardar Umar Alam តំណាងអង្គការ អប់រំ វិទ្យាសាស្ត្រ វប្បធម៌ នៃសហប្រជាជាតិ(UNESCO) ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារនៅទីស្តីការក្រសួង។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសក កម្មការងាររបស់អង្គការUNESCO នៅកម្ពុជា ជាពិសេសទាក់និងការងារវប្បធម៌ និងអប់រំ ។ ដោយឡែកទាក់ទងនិងវិស័យវិទ្យាសាស្ត្រ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សង្ឃឹមថា អង្គការ UNESCO នឹងយកចិត្តទុកដាក់បន្ថែមទៀត ស្របពេលដែលអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានប្តូរឈ្មោះ ហើយបានបន្ថែមមុខងារវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាវិស័យស្នូលដ៏សំខាន់នៅក្នុងនោះ។
ឯកឧត្តម Sardar Umar Alam តំណាងអង្គការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ នៃសហប្រជាជាតិ(UNESCO) ប្រចាំកម្ពុជា បានអបអរសាទរចំពោះការបន្ថែមមុខងារ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅក្នុងអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះជំនួបនាថ្ងៃនេះ គឺអង្គការ UNESCO មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ នឹងពិនិត្យមើលតម្រូវការចាំបាច់របស់កម្ពុជា សម្រាប់ទិសដៅនាពេលខាងមុខ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមតំណាងអង្គការ UNESCO ក៏បានជម្រាបជូនពីដំណើរការអនុវត្តន៍កម្មវិធី GO-SPIN (Global Observatory of Science,Tecnology and Innovation Policy Instruments) ដែលយើងអាចនិយាយបានថា ជាកម្មវិធីការអង្កេតសាកល នៃឧបករណ៍គោលនយោបាយរបស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាយន្តការនៃកម្មវិធីមួយសម្រាប់ជួយលើកស្ទួយ បណ្តុះបណ្តាល និងចងក្រងវិស័យវិទ្យាសាស្ត្រ នៅក្នុងប្រទេសនីមួយៗ ដែលការងារនេះ បានធ្វើជាច្រើនប្រទេសមកហើយ ដូចជាជាមួយប្រទេសឡាវ និងអ៊ីស្រាអែលជាដើម។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន វិស័យវិទ្យាសាស្ត្រ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៌សេដ្ឋកិច្ច និងសង្គម បែបឌីជីថល ហើយកំពុងស្ថិតក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។ ក្នុងនោះការចងក្រងស្នាដៃផ្នែកវិទ្យាសាស្ត្រ ក៏យើងត្រូវតែគិតគូជាចាំបាច់ផងដែរ ពីព្រោះប្រទេសកម្ពុជា ជាប្រទេសសម្បូរណ៌ដោយសម្បត្តិវប្បធម៌ អរិយធម៌ និងសម្បត្តិបេតិកភ័ណ្ឌដ៏រុងរឿង ហើយក៏មានស្នាដៃផ្នែកវិទ្យាសាស្ត្រ នៅក្នុងនោះរួចជាស្រេច។ ជាក់ស្តែងដូចជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងរៀបចំចងក្រងឯកសារប្រព័ន្ធឯកតាខ្មែរជាដើម។
ជាចុងក្រោយដៃគូសន្ទនា បានឯកភាពគ្នាទៅលើការចែករំលែកបទពិសោធន៍ និងការផ្តល់ទិន្នន័យ របាយការណ៍ទាក់ទងនិងដំណើរការអនុវត្តន៍ កម្មវិធី GO-SPIN ដែលបានធ្វើរួចហើយជាមួយប្រទេសដ៏ទៃ ជាពិសេសជាមួយប្រទេសឡាវ ដើម្បីជាមូលដ្ឋានសម្រាប់កម្ពុជាយកមកអនុវត្តន៍ និងសរសេរចេញជារបាយការណ៍។ ជាមួយគ្នានេះ ជាបន្តបន្ទាប់ គួរមានកិច្ចប្រជុំ ឬសិក្ខាសាលាស្វែងយល់កម្មវិធី GO-SPIN នេះឲ្យកាន់តែស៊ីជម្រៅជាមួយអ្នកវិទ្យាសាស្ត្រកម្ពុជា ដែលក្រសួងកំពុងគិតគូប្រមូលផ្តុំឲ្យស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌមួយ សម្រាប់ជាធនធានខួរក្បាលរបស់ជាតិ៕




