(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី១៩ ឈ្មោះ ហ្គោនី ( GONI ) កើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង កំពុងធ្វើដំណើរ ឆ្ពោះមកទិសខាងលិច។ តាមការព្យាករ ព្យុះនេះ ថមថយអស់ឥទ្ធិពល នៅពេលចូលដល់លើភាគកណ្តាល ប្រទេសវៀតណាម នៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ព្យុះនេះ ពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជាយើងទេ។
យ៉ាងណាក៏ដោយ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី៤-១០ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពចាប់ពី ២២-៣០°C ហើយបណ្តាខេត្តនានា មានភ្លៀងខ្សោយដោយអន្លើ។ លើកលែងតែថ្ងៃទី៦-៧ ខែវិច្ឆិកា នៅផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ខ្សោយ ទៅមធ្យម។ រីឯបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាព មានពី ២០-២៩°C នឹងអាចមានភ្លៀងខ្សោយទៅមធ្យម នៅថ្ងៃទី៦-៧ ខែវិច្ឆិកា។
ដោយឡែក នៅតំបន់មាត់សមុទ្រ ក៏ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា សីតុណ្ហភាពមានពី ២១-៣០°C ស្ទើរតែពុំមានភ្លៀង។ លើកលែងតែនៅថ្ងៃទី៦-៧ ខែវិច្ឆិកា អាចមានភ្លៀងខ្សោយ ទៅមធ្យម៕




