ប្រមុខ​ការទូត​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​៖ ហុង​គ្រី គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​មួយ​របស់​កម្ពុជា​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ «​ហុង​គ្រី គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​មួយ​របស់​កម្ពុជា​។ ហុង​គ្រី បានផ្តល់​នូវ​ជំនួយ និង​ការគាំទ្រ​មកដល់​កម្ពុជា នៅពេលដែល​ប្រទេស​យើង កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់ បន្ទាប់ពី​ងើប​ផុតពី​ភ្លើងសង្គ្រាម​នៃ​របប​ខ្មែរក្រហម​។ ទ័ព​មួក​ខៀវ​ហុង​គ្រី បាន​បញ្ជូនមក​កម្ពុជា​ក្រោម​ឆ​ត្រ័​របស់​អជ្ញាធរ​បណ្តោះអាសន្ន​រប​ស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNTAC)​។ ជំហរ​របស់​ហុង​គ្រី លើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺជា​ឧទាហរណ៍​មួយទៀត ដែល​សបញ្ជាក់​អំពី​មិត្ត ដែល​យល់​ពី​ស្ថានភាព​របស់​កម្ពុជា ហើយ​ក្លាហាន​ក្នុងការ​គាំទ្រ​កម្ពុជា​ឱ្យ​ទទួលបាន​យុត្តិធម៌ ដើម្បី​ឆ្ពោះទៅរក​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​។ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ទាំងអស់នេះ ខ្ញុំ​សូម​អរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី និង​ប្រទេស​ហុង​គ្រី​»​។ ទាំងនេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ថ្លែង​ក្នុង​សន្និសីទកាសែត បន្ទាប់ពី​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ភី​ធ័​រ ហ្សី​ជី​តូ ( Péter Szijjártó ) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី​។ 

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថា «​ឯកឧត្តម​រដ្ឋមន្ត្រី ភី​ធ័​រ ហ្សី​យា​តូ និង​ខ្ញុំ ទើបតែ​បញ្ចប់​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យើង​ទាំងពីរ​នាក់ ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ ចំពោះ​ទំនាក់ទំនង​មិត្តភាព​ដ៏​រឹងមាំ និង​កិច្ចសហប្រតិបត្តិការ​ដែល​បន្ត​រីកចម្រើន ដោយ​ផ្អែកលើ​មូលដ្ឋាន​គតិយុត្តិ​ដ៏​រឹងមាំ​។ យើងខ្ញុំ បាន​ពិនិត្យឡើងវិញ​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង និង​អនុស្សរណៈ ដែល​បាន​ចុះហត្ថលេខា ក៏ដូចជា​យន្តការ​នានា ដែល​បាន​ឯកភាពគ្នា​កន្លងមក ដែល​ក្នុងនោះ រួមមាន គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​កម្ពុ​ជា​-​ហុង​គ្រី និង​ឯកសារ​មួយចំនួនទៀត ដើម្បី​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង ក្នុង​វិស័យ​គ្រប់គ្រង​ទឹក កសិកម្ម សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ទេសចរណ៍ និង​អប់រំ​»​។ 

​ឯកឧត្តម ប្រាក់ សុខុន បន្ថែមថា «​ប្រទេស​យើង​ទាំងពីរ តែង​ឈរលើ​គោលការណ៍​ច្បាប់​អន្តរជាតិ ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ហើយ​យើង​ក៏​តែងតែ​ប្រកាន់យក​ជំហរ ក្នុងការ​ពង្រឹង​បន្ថែម​នូវ​ពហុភាគី​និយម ដោយ​គោរព​អធិបតេយ្យ​របស់​រដ្ឋ​នីមួយៗ​»​។​

​ឯកឧត្តម ប្រាក់ សុខុន បន្ថែមទៀតថា «​ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម ភី​ធ័​រ ហ្សី​យា​តូ នា​ខណៈពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត និង​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​ខាង​សេដ្ឋកិច្ច​-​សង្គម ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​ឯកឧត្តម ក្នុងការ​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​របស់​ប្រទេស​ទាំងពីរ​។ ពិតណាស់ កម្ពុជា ក៏មាន​ការប្តេជ្ញាចិត្ត​ដូចគ្នានេះដែរ​»​។​

​ឯកឧត្តម​ប្រមុខ​ការទូត​កម្ពុជា បាន​គូសបញ្ជាក់ថា «​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៅ​ទីក្រុង​ប៊ុល​ដា​ប៉េ​ស ចំនួន ២ ដង និង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្ដម Janos Ader ប្រធានាធិបតី​ហុង​គ្រី មកកាន់​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំមុន ការបើក​ការិយាល័យ​តំណាង​ស្ថានទូត​ហុង​គ្រី នៅ​ភ្នំពេញ និង​ការចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ចំនួន ៣ លើ​វិស័យ​គ្រប់គ្រង​ទឹក កសិកម្ម និង​សេវាកម្ម​អាកាស ដែល​នឹង​ប្រព្រឹត្តទៅ នៅថ្ងៃនេះ គឺជា​សក្ខីភាព​ដែល​បានកើត​ចេញពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ខាងលើ​»​។​

​ក្នុង​សន្និសីទកាសែត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកឡើងថា ភាគី​ទាំងពីរ កំពុង​ត្រៀម​រៀបចំ​ព្រះរាជដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ប្រទេស​ហុង​គ្រី នា​ឆមាស​ទី ២ នៃ​ឆ្នាំ​២០២១ ឬ​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ ដែល​ព្រះរាជដំណើរ​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដើម្បី​អបអរសាទរ ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​របស់​យើង កម្ពុជា​-​ហុង​គ្រី នៅ​ឆ្នាំក្រោយ​។​

​សូម​រម្លឹកថា តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា ប្រកាសថា ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ នឹង​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រោយ​ជំនួប​សម្តែង​ការគួរ​សមនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ ចំនួន​បី ដូចខាងក្រោម​៖

១.​កិច្ចព្រមព្រៀង ស្តីពី សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី​

២.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុ​និយមនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ហុង​គ្រី​

៣.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងកសិកម្ម​ហុង​គ្រី​

​ក្រសួងការបរទេស បន្ថែមថា ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ មាន​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ប្រយោជន៍ និង​កង្វល់​រួម និង​បន្ត​ដោយ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​។​

​សេចក្តីប្រកាស ក៏បាន​បន្ថែមថា ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ នឹងមាន​ជំនួប​ដោយឡែក​ពីគ្នា ជាមួយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង ឯកឧត្តម សួស យ៉ា​រ៉ា សមាជិកសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាងនេះទៅទៀត ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ការិយាល័យ​នៃ​ស្ថានទូត​ហុង​គ្រី នៅ​រាជធានី​ភ្នំពេញ​។​

​ក្រសួងការបរទេស ក៏បាន​ប្រកាសថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ នឹង​បន្ត​ពង្រីក និង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា និង​ហុង​គ្រី​៕

( រូបភាព៖ ឯកឧត្តម ប្រាក់ សុខុន ស្វាគមន៍ឯកឧត្តម ភី​ធើ ស៊ី​ចា​តូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។ រូបភាព​ពីមន្ទីរកិច្ចការនារី រាជធានីភ្នំពេញ )


អត្ថបទដែលជាប់ទាក់ទង
​ផ្លូវជាតិលេខ២ លេខ៣ ផ្លូវព្រៃស និងផ្លូវលេខ២០A ​ចាប់ពីរង្វង់មូលកួរស្រូវដល់ស្រុកកណ្តាលស្ទឹង ​ដែលខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់​ ត្រូវបានដាក់ឲ្យចរាចរជាបណ្តោះអាសន្ន
ព័ត៌មានជាតិ
ព្រះមហាក្សត្រថៃ Maha Vajiralongkorn មានបន្ទូលថា ប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល
ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីលោក Boris Johnson ប្រកាសបញ្ជាឱ្យបិទទ្វារទូទាំងប្រទេសម្ដងទៀត បន្ទាប់ពីចំនួនអ្នកជំងឺកូវីដ១៩ នៅអង់គ្លេសបានហក់ដល់ ១លាននាក់
ព័ត៌មានជាតិ
ជនអនាមិកប្រើ Google Drive ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យចូលទៅក្នុងគេហទំព័រដែលមានមេរោគ
ព័ត៌មានជាតិ
​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា​ ដែលចប់បេសកកម្មកាទូត
ព័ត៌មានជាតិ
ចាប់បានគ្រឿងញៀនជាង​ ៧គីឡូក្រាម ​និងជនសង្ស័យម្នាក់ ​ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ​នៅរាជធានីភ្នំពេញ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី