(អង់គ្លេស)៖ នាយករដ្ឋមន្រ្តីលោក Boris Johnson បានបញ្ជាឱ្យអង់គ្លេសវិលត្រឡប់ទៅរកការបិទទ្វារសារជាថ្មីបន្ទាប់ពីចក្រភពអង់គ្លេសប្រឈមនឹងករណីឆ្លងមេរោគកូវីដ១៩ ហក់ឡើងរហូតដល់ ១ លានករណី ហើយរលកនៃការឆ្លងលើកទី២នេះ បានកំពុងគំរាមកំហែងដល់សុខាភិបាលរបស់ប្រទេស។ ចក្រភពអង់គ្លេសដែលមានចំនួនអ្នកស្លាប់ផ្លូវការដោយសារជំងឺ COVID-19 ច្រើនជាងគេនៅអឺរ៉ុប កំពុងដោះស្រាយជាមួយនឹងករណីឆ្លងថ្មីជាង ២ម៉ឺននាក់/ថ្ងៃ ហើយអ្នកវិទ្យាសាស្ត្រក៏បានព្រមានពីស្ថានភាពដែលកាន់តែអាក្រក់ឡើងៗនេះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានរៀបចំឡើងយ៉ាងឆាប់រហ័សនៅឯការិយាល័យ Downing Street នាយករដ្ឋមន្ត្រីលោក បូរីស ចនសុន បាននិយាយថា ការបិទទ្វាររយៈពេលមួយខែនៅទូទាំងប្រទេសអង់គ្លេស នឹងចាប់ផ្តើមនៅម៉ោងមួយរំលងអធ្រាត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ និងរហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
ចំណែកអ្នកចូលរួមផ្សេងទៀតដែលជាផ្នែកនៃចក្រភពអង់គ្លេសដូចជា៖ ស្កុតឡេន វែល និងអៀរឡង់ខាងជើង មានគោលនយោបាយផ្ទាល់ខ្លួន និងបានអនុម័តការរឹតត្បិតលើជំងឺ COVID-19 តាំងតែពីខែមុនមក៕




