(ភ្នំពេញ)៖ អតីតប្រធានគណៈមេធាវី ឯកឧត្តម សួន វិសាល ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ នេះបើតាមព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ដែលចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងព្រះរាជក្រឹត្យដដែល ក៏បានសម្រេចតែងតាំងឯកឧត្តម សុន ពិសិដ្ឋ ជាអនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ផងដែរ។
សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ លោក សួន វិសាល ត្រូវបានអង្គមហាសន្និបាត លើកទី២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតប្រគល់សេចក្ដីទុកចិត្ត ឲ្យធ្វើជាប្រធានគណៈមេធាវីថ្មី សម្រាប់អាណត្តិទី១១ ជំនួសតំណែងឯកឧត្តម ប៊ុន ហុន ជាប្រធានចាស់ ដែលធ្លាប់បានជាប់ឆ្នោតជាប្រធាន ២ អាណត្តិជាប់គ្នា។
ដោយឡែក ក្នុងការបោះឆ្នោត ដែលរៀបចំដោយគណៈមេធាវី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោកមេធាវី លី ច័ន្ទតុលា បានជាប់ឆ្នោត ជាប្រធានថ្មីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី១៣ បន្តពីលោកមេធាវី សួន វិសាល៕




