(ភ្នំពេញ)៖ តាមកម្មវិធី ដែលបានគ្រោងទុក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០:៣០នាទី ព្រឹក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នឹងអញ្ជើញជាអធិបតី ជាមួយឯកឧត្តម ភីធ័រ ហ្សីជីតូ ( Péter Szijjártó ) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ក្នុងពិធីសម្ពោធជាផ្លូវការការិយាល័យនៃស្ថានទូតហុងគ្រី ប្រចាំកម្ពុជា។ ពិធីនេះ ធ្វើឡើង នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ។
តាមកម្មវិធីដែលបានគ្រោងទុក នៅម៉ោង ៩ព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ភីធ័រ ហ្សីជីតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។
ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ច នៅអឺរ៉ុប សម្តេចបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ ប្រមុខរដ្ឋាភិបាលទាំងពីរ បានព្រមព្រៀងបើកស្ថានទូត នៅក្នុងឆ្នាំ២០២១ អំឡុងពេលខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សូមរម្លឹកថា តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងការបរទេសកម្ពុជា ប្រកាសថា ឯកឧត្តម ភីធើ ស៊ីចាតូ នឹងចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយជំនួបសម្តែងការគួរសមនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួនបី ដូចខាងក្រោម៖
១.កិច្ចព្រមព្រៀង ស្តីពី សេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលហុងគ្រី
២.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី
៣.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី
ក្រសួងការបរទេស បន្ថែមថា ឯកឧត្តម ភីធើ ស៊ីចាតូ នឹងមានជំនួបប្រជុំផ្លូវការជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម និងបន្តដោយសន្និសីទសារព័ត៌មានរួមគ្នា។
សេចក្តីប្រកាស ក៏បានបន្ថែមថា ឯកឧត្តម ភីធើ ស៊ីចាតូ នឹងមានជំនួបដោយឡែកពីគ្នា ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សួស យ៉ារ៉ា សមាជិកសភានៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត ឯកឧត្តម ភីធើ ស៊ីចាតូ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការការិយាល័យនៃស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញ។
ក្រសួងការបរទេស ក៏បានប្រកាសថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ភីធើ ស៊ីចាតូ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងហុងគ្រី៕




