(ភ្នំពេញ)៖ នៅឆ្នាំនេះ ទោះបីជាមិនមានពិធីអុំទូក បណ្តែតប្រទីប នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ តែអាជ្ញាធររាជធានីភ្នំពេញ បានអនុញ្ញាតឲ្យរៀបចំស្តង់លក់ទំនិញបញ្ចុះតម្លៃ និងលក់ចំណីអាហារ នៅលើសួនច្បារ មុខវត្តបទុម និងសួនច្បារសម្តេច ហ៊ុន សែន មុខសណ្ឋាគារ និងកាស៊ីណូ ណាហ្គា។ ក៏ប៉ុន្តែស្តង់ទំនិញទាំងនោះ មានមិនច្រើនប៉ុន្មានទេ។
ស្តង់លក់ទំនិញ និងចំណីអាហារទាំងនោះ បានបើកលក់ ចាប់តាំងពីរសៀល រហូតដល់យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ដែលជាព្រះរាជពិធីបុណ្យខួប ១៦ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ។
កាលពីយប់ថ្ងៃទី២៩ ខែតុលា មានមនុស្សច្រើនបានទៅលេងនៅកន្លែងលក់ទំនិញ លើសួនច្បារមុខវត្តបទុម និងនៅសួនច្បារណាហ្គា។ ប៉ុន្តែវិធានការការពារកូវីដ ហាក់មិនត្រូវបានយកចិត្តទុកដាក់ឡើយ។ អ្នកទៅលេងស្ទើរតែទាំងអស់ មិនពាក់ម៉ាស់ទេ។ រីឯនៅតាមស្តង់លក់ទំនិញ ក៏មិនឃើញមានជែល ឬអាល់កុល លាងដៃឡើយ ហើយក៏គ្មានការវាស់កម្កៅអ្នកចូលទៅលេងកម្សាន្តអ្វីដែរ។ ចំណែកសំរាម នៅតែជាបញ្ហា ដោយត្រូវបានគេបោះចោលរាយប៉ាយ រហូតដល់ព្រឹក ទើបកម្មករស៊ីនទ្រី បោសសម្អាត៕




