(ភ្នំពេញ)៖ ករណីអគ្គិភ័យ ដែលឆាបឆេះមជ្ឈមណ្ឌល ជីន ស៊ីម៉ៅ ដែលជាហាងបាយចិន បានកើតឡើង កាលពីនៅវេលាម៉ោង ១១ ព្រឹក ថៃ្ងសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០។ ហាងបាយចិន ដែលឆេះអស់ ១តុធំនេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅជិតស្ពានកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ហាងចិន ដែលឆេះនេះ មានម្ចាស់ឈ្មោះ FU JIANHUA ភេទប្រុស អាយុ ៣៦ឆ្នាំ ជាជនជាតិចិន។ ចំណែកមូលហេតុ ដែលឆេះបំផ្លាញតុបាយនេះ ដោយសារតែឆ្លងចរន្តអគ្គិសនី។
ប៉ូលិសបន្តថា ភ្លើងឆេះមួយឆាវនេះ បានធ្វើឲ្យឆេះតុចំនួន ១ កៅអីចំនួន ៦ នៅក្នុងបន្ទប់បាយ ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ។ ករណីនេះ ពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាង និងមានមនុស្សស្លាប់ ឬរបួសឡើយ។
យ៉ាងណាក៏ដោយ ក្នុងប្រតិបត្តិជួយសង្គ្រោះ និងពន្លត់ភ្លើងឆេះហាងចិននេះ ប៉ូលិសបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យ ចំនួន ៨ គ្រឿង តែប្រើប្រាស់ទឹកអស់ ចំនួន ១ឡាន ស្មើនឹង ៤ម៉ែត្រគូប។ ក្រៅពីនោះ ក៏មានរថយន្តជំនួយ ដែលជារថយន្តអគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៤ម៉ែត្រគូប និងរថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៤ម៉ែត្រគូប។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ប្រើពេលអស់ ៣០នាទី៕
( រូបភាពពីការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ )




