(ភ្នំពេញ)៖ ទោះបីជាឆ្នាំនេះ មិនមានពិធីអុំទូក ក៏ប៉ុន្តែគណៈកម្មការថ្នាក់ជាតិ ដឹកនាំដោយឯកឧត្តម អង្គវង្សវឌ្ឍានា រដ្ឋមន្រី្តក្រសួងយុត្តិធម៌ បានប្រជុំសម្រេចលើបញ្ជីឈ្មោះទណ្ឌិត សម្រាប់ស្នើសុំបន្ធូរ និងលើកលែងទោស។ នោះគឺទណ្ឌិត ៦៩៥នាក់ ត្រូវបានជ្រើសរើសចេញពីទណ្ឌិតជាង ១ ០០០ នាក់ ដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។ ទណ្ឌិតទាំងនេះ ត្រូវបានជ្រើសរើស មកពីបណ្ដាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៤ និងមណ្ឌលអប់រំកែប្រែ ទាំង ៤ នៅទូទាំងប្រទេស។
ក្នុងចំណោមអ្នកទោស ៦៩៥នាក់ ដែលស្ថិតក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យអុំទូក ឆ្នាំនេះ មានទណ្ឌិតស្ត្រី ចំនួន ៦៥នាក់។ ក្នុងនោះ ១៩នាក់ ត្រូវបានស្នើសុំ លើកលែងទោស។ ៥នាក់ ស្នើសុំបន្ថយទោសមួយជីវិត មកនៅត្រឹម ២០ឆ្នាំ។ ៩២នាក់ ត្រូវបានស្នើសុំបន្ធូរបន្ថយទោស១២ខែ។ ៩៥នាក់ ស្នើសុំបន្ធូរបន្ថយទោស ៩ខែ និង ៤៨៤នាក់ ត្រូវបានស្នើសុំបន្ធូរបន្ថយទោស ៦ខែ។
សូមរម្លឹកថា បញ្ជីឈ្មោះទណ្ឌិតទាំង ៦៩៥នាក់ ដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាពេលនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ស្នើទៅកាន់ប្រមុខរដ្ឋស្តីទី ដើម្បីចេញព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើកលែងទោស៕



