​កម្ពុជា-ចិន ចុះ MOU លើវិស័យវិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និងនវានុវត្តន៍​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈកម្មាធិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន បានធ្វើពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានធ្វើឡើងតាមរយៈប្រព័ន្ធ ONLINE ពីចម្ងាយ។ ហត្ថលេខីលើលើអនុស្សរណៈយោគយល់នេះ គឺរវាងឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងភាគីចិនសៀងហៃ តំណាងដោយ ឯកឧត្តម ZHANG QUAN, អគ្គនាយកគ្រប់គ្រង គណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទីក្រុងសៀងហៃ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្វាគមន៍ និងបានបញ្ជាក់ថា៖ អនុស្សរណៈយោគយល់លើវិស័យវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-ចិន (សៀងហៃ) នេះ នឹងជួយដល់ការជំរុញអភិវឌ្ឍន៍លើកិច្ចការស្រាវជ្រាវរួមគ្នាថ្មីៗ រវាងអ្នកស្រាវជ្រាវកម្ពុជា-ចិន ការផ្លាស់ប្តូរបទពិសោធន៍ ការផ្លាស់ប្តូរបច្ចេកទេស និងបច្ចេកវិទ្យា របកគំហើញថ្មីៗ រួមទាំងការសហការអនុវត្តគម្រោងថ្មីៗ។ 

អនុស្សរណៈយោគយល់នេះ នឹងបង្កើននូវឱកាសសហការរួមគ្នាក្នុងអនុវត្តគម្រោងពាក់ព័ន្ធទៅនឹងចំណុចអាទិភាពដូចជា ការបណ្តុះបណ្តាលសមត្ថភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កសិកម្ម និងការកែច្នៃកសិផល អនាម័យ និងសុខភាព បរិស្ថាន ព័ត៌មានវិទ្យា និងទូរគមនាគមន៍ ជាពិសេស ការត្រៀមរៀបចំគំនិតផ្តួចផ្តើមក្នុងការបង្កើតឱ្យមានជាសាខាធនាគារបច្ចេកវិទ្យាបៃតងនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់ថា ការបង្កើតឱ្យមានជាសាខាធនាគារបច្ចេកវិទ្យាបៃតងនៅកម្ពុជាគឺជាគំនិតផ្តួចផ្តើមមួយដ៏ល្អ ស្របតាមផែនការអភិវឌ្ឍប្រទេសចិន ហើយត្រូវបានបង្កើតឡើងដើម្បីកៀរគរ ចាត់ចែង និងសម្របសម្រួលដល់ការ​ប្រើប្រាស់មូលនិធិ ឬឥណទានបៃតង គាំទ្រដល់ការអនុវត្តគម្រោងវិនិយោគបៃតងខ្នាតធំ ដូចជាការវិនិយោគលើគម្រោងវារីអគ្គីសនី ថាមពលព្រះអាទិត្យ គម្រោងកាត់​បន្ថយការបំភាយឧស្ម័នកាបូនក្នុងវិស័យឧស្សាហកម្មនិងផលប៉ះពាល់បរិស្ថាន ពិសេសជួយដល់ការបង្កើនកិច្ចសហប្រតិបត្តិការលក្ខណៈអន្តរជាតិ ដូចជាកិច្ចសហប្រតិបត្តិការផ្លូវ និងខ្សែក្រវាត់ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង រួមជាមួយការចូលរួមសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។

ស្ថិតក្នុងឱកាសដ៏វិសេសនេះ ភាគីចិន សៀងហៃក៏បានថ្លែងអំណរគុណដល់ កម្ពុជា ចំពោះការផ្តល់នូវកិច្ចសហប្រតិបត្តិការ​ក្នុងភាពជាដៃគូយូរអង្វែង និងជាមិត្តភាព ហើយបានគូសបញ្ជាក់អំពីការប្តេជ្ញាចូលរួមជំរុញនូវការអនុវត្តអនុស្សរណៈយោគយល់នេះ ឱ្យលេចចេញជារូបរាង និងលទ្ធផល ក្នុងពេលខាងមុខ។ អនុលោមតាមយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងគោលដៅសម្រេចបាននូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (២០១៩-២០២៣) គាំទ្រដោយការជំរុញអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (២០១៦-២០៣០) និងរួមចំណែក​ពន្លឿនការសម្រេចបាននូវគោលនយោ​បាយអភិវឌ្ឍន៍ឧស្សាហកម្ម (២០១៥-២០២៥) ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយភាពស៊ីសង្វាក់ កាត់បន្ថយគម្លាតការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ប្រកបដោយភាព​រីកចម្រើន តម្លាភាព និងភាពថ្លៃថ្នូរ ការខិតខំអភិវឌ្ឍន៍ និងលើកទឹកចិត្ត វិនិយោគទៅលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិតជាមានសារៈសំខាន់បំផុតសម្រាប់កម្ពុជាស្របតាមសម័យកាលបច្ចេកវិទ្យាថ្មី ដែលសកលលោកបានប្រសិទ្ធនាមថា បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។ 

ការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាចរីកចម្រើនទៅលឿនបាន ក៏អាស្រ័យទៅលើកត្តាផ្សេងៗជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិគឺជាកត្តាលីករដ៏សំខាន់និងចាំបាច់ផងដែរ។ អនុស្សរណៈយោគយល់នេះ ក៏បានបង្ហាញនូវសមិទ្ធិផលថ្មីមួយរបស់កម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងអនុសាសន៍ដ៏វិសេសវិសាលរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការបន្តខិតខំធ្វើកំណែទម្រង់ខាងក្នុង និងការស្វាគមន៍នូវកិច្ចសហប្រតិបត្តិការខាងក្រៅរបស់កម្ពុជា ហើយជាឆន្ទៈដ៏មោះមុត លក្ខណៈជាយុទ្ធសាស្ត្រ បែបវិទ្យាសាស្ត្រដ៏ត្រឹមត្រូវក្នុងកិច្ចដំណើរការស្វែងរកសន្តិភាព និងវឌ្ឍនៈភាពជូនទឹកដីសុវណ្ណភូមិរបស់កម្ពុជា និងការបង្កើនភាតរភាពជាមួយបណ្តាប្រទេសនានា។

ក្នុងន័យនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ជាអាទិភាព លើការជំរុញអភិវឌ្ឍន៍ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម សហគ្រិនភាព និងការអភិវឌ្ឍន៍បៃតង ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
កងទ័ព​មួក​ខៀវ​កម្ពុជា​ម្នាក់ ទើប​មកពី​ស៊ូដង់​ខាងត្បូង ឆ្លង​ជំងឺ​កូ​វីដ​១៩!
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា ចែករំលែក​ពីជំនាញ ទំនាក់ទំនង
ព័ត៌មានជាតិ
ក្រសួងកសិកម្ម ប្រកាសថា មិនមាន​ករណី​សាច់គោ មាន​ជំងឺ​នោះឡើយ​!
ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តសៀមរាបចុះពិនិត្យ ​និងសិក្សាកំណត់ព្រំដីគម្រប់ព្រៃឈើឆ្នាំ២០០២​ ដើម្បីកាត់ឆ្វៀល ​និងទប់ស្កាត់ការទន្រ្ទានដីរដ្ឋ​
ព័ត៌មានជាតិ
ផ្លូវជាតិលេខ៤១ ខូចខាតយ៉ាងធ្ងន់ធ្ងរ! ​ពលរដ្ឋដែលធ្វើដំណើរទៅភ្នំពេញ ​ឬខេត្តព្រះសីហនុ ​សូមរកផ្លូវវាងជាបណ្ដោះអាសន្ន​
ព័ត៌មានជាតិ
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រ ​ក្នុងឱកាសព្រះរាជពិធីខួបលើកទី១៦ឆ្នាំ​ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី