(ភ្នំពេញ)៖ ស្ត្រី ឈ្មោះ សាត ផា ដែលជាអ្នកទទួលលុយ និងបញ្ជាតាមទូរស័ព្ទពីលោក ហូរ វ៉ាន់ ដើម្បីធ្វើបាតុកម្ម នៅថ្ងៃទី២៣ ខែតុលា នៅមុខទូតចិន និងអាមេរិក ត្រូវបានចាប់ខ្លួនហើយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
ការចាប់ខ្លួនអ្នកស្រី សាត ផា ធ្វើតាមដីការបស់តុលាការ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ជាបទល្មើស ដែលបានកើតឡើង ដោយសារតែស្ត្រីរូបនេះ រួមនឹងស្ត្រីជាច្រើនទៀត បានប្រមូលផ្តុំ ធ្វើបាតុកម្ម នៅមុខស្ថានទូតចិន ប្រចាំកម្ពុជា ដើម្បីទាមទារឲ្យចិនគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យយកអ្នកស្រី សាត ផា ទៅឃុំខ្លួនបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែ២ (ម២) នៅពន្ធនាគារព្រៃស។
សូមរម្លឹកថា អ្នកស្រី សាត ផា ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅមុខស្ថានទូតចិន ពេលអ្នកស្រីចូលរួមតវ៉ា។ ប៉ុន្តែត្រូវបានដោះលែងវិញ។
ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ប្រកាសព្រមាន និងចាក់សារជាសំឡេងរបស់លោក ហូរ វ៉ាន់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន នៅកោះនរា កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ទើបសមត្ថកិច្ច ទៅចាប់អ្នកស្រី សាត ផា តាមដីកាបង្គាប់ពីតុលាការ។
ពាក់ព័ន្ធនឹងបាតុកម្ម នៅមុខស្ថានទូតចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលធ្វើឡើងតាមបញ្ជា និងការផ្តល់លុយពីលោក ហូរ វ៉ាន់ គឺប៉ូលិស បានចាប់ខ្លួនមនុស្ស ៣នាក់ រួមមាន៖ អ្នកស្រី លឹម សាន អាយុ ៥៧ឆ្នាំ អ្នកស្រី យ៉យ ស្រីមុំ អាយុ ៥២ឆ្នាំ និងលោក តុន និមល អាយុ ៤០ឆ្នាំ។ តុលាការ បានចោទប្រកាន់ និងបញ្ជូនទៅឃុំឃាំង នៅពន្ធនាគារព្រៃស ចាប់តាំងពីថ្ងៃទី២៥ ខែតុលា ក្រោមបទចោទ «បទញុះញង់ បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម»៕




