(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ២នាក់ទៀត។ ២នាក់នោះ ជាបុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ ស្នាក់នៅក្រុងសៀមរាប និងម្នាក់ទៀត ជាស្ត្រីជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ថា បុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសាំងហ្គាពួ តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ សម្រាករង់ចាំលទ្ធផលតេស្តលើកទី១ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ០២យប់។ បន្ទាប់មក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ គាត់បានចេញដំណើរពីរាជធានីភ្នំពេញ តាមរថយន្ត Larryta Minibus នៅវេលាម៉ោង ១៨:៣០នាទីល្ងាច ទៅកាន់អាសយដ្ឋានខាងលើ នៅខេត្តសៀមរាប ក្រោយពីធ្វើតេស្តលើកទី១ ទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩។
ក្រសួងសុខាភិបាល បានប្រកាសថា រថយន្តនេះ ជិះមានគ្នា ០៤នាក់ ( បុរសជនជាតិបារាំងខាងលើ អ្នកដំណើរ ០២នាក់ និងអ្នកបើកបរ ) ហើយបុរសជនជាតិបារាំងនេះ ជិះនៅកៅអីខាងក្រោយគេបង្អស់ ព្រមទាំងបានពាក់ម៉ាស់ជាប់រហូតផងដែរ។ ពេលទៅដល់ផ្ទះ គាត់បានបន្តធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅផ្ទះរបស់គាត់ នៅខេត្តសៀមរាប ហើយនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ ដែលត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ គាត់ត្រូវបានធ្វើតេស្តឡើងវិញ ដោយបានទទួលលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ ពីមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ហើយវត្ថុសំណាករបស់គាត់ ត្រូវបានបញ្ជូនមកធ្វើការវិភាគបញ្ជាក់បន្ថែមនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ដែលលទ្ធផលទទួលបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា វិជ្ជមានវីរុសកូវីដ១៩។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តាំងពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើនេះ សរុបមានចំនួន ៩៨នាក់ ( ក្នុងចំនួននេះ មានបុរសជនជាតិបារាំង ខាងលើនេះដែរ ) ដែលក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានធ្វើការស្រាវជ្រាវរក និងបានយកវត្ថុសំណាករបស់អ្នកដំណើរតាមជើងហោះហើរជាមួយអ្នកជំងឺនេះ បានចំនួន ៥០% ហើយលទ្ធផលតេស្តអ្នកទាំងអស់នេះ គឺអវិជ្ជមានវីរុសកូវីដ១៩។ ក្រុមការងារ នឹងបន្តយកវត្ថុសំណាកអ្នកដំណើរជាបន្តបន្ទាប់ទៀត ហើយក្រសួងសុខាភិបាល នឹងជម្រាបជូនសាធារណជន ប្រសិនបើរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ១៩ លើបុគ្គលណាម្នាក់។
ដោយឡែក សម្រាប់ការស្រាវជ្រាវរកអ្នកប៉ះពាល់នៅខេត្តសៀមរាប ត្រូវបានក្រសួងសុខាភិបាល បានបញ្ជាក់ថា បានបញ្ចប់រួចរាល់ ដោយក្រុមការងារមន្ទីរសុខាភិបាល ខេត្តសៀមរាប បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ចំនួន ០៣នាក់ ( បុគ្គលិក ២នាក់ (ស្ត្រី០១នាក់ ប្រុស ០១នាក់ ) និងបុរសជាមិត្តភ័ក្តិ ១នាក់ ) និងអ្នកប៉ះពាល់ប្រយោល ចំនួន ១០នាក់ ( ស្រី ៩នាក់ និងប្រុស ១នាក់ ) ដែលការវិភាគវត្ថុសំណាករបស់ពួកគាត់ទាំងអស់គ្នា គឺអវិជ្ជមានវីរុសកូវីដ១៩។
ក្រសួងសុខាភិបាល បានប្រកាសថា ស្ត្រីជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសឥណ្ឌា ( ទីក្រុងដេលី ) តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ ក្រោយពីធ្វើតេស្តលើកទី១ ទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ១៩ គាត់បានបន្តធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅក្នុងសណ្ឋាគារខាងលើនេះ ហើយកូនគាត់ ២នាក់ ក៏ត្រូវបានគាត់ដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកពីគាត់ដែរ ហើយនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ គឺត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វត្ថុសំណាករបស់គាត់ ត្រូវបានយកទៅធ្វើតេស្តឡើងវិញ ក៏បានបង្ហាញលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯស្វាមីគាត់ បានចាកចេញពីកម្ពុជា ទៅប្រទេសឥណ្ឌាហើយ មុនស្ត្រីរូបនេះ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ( មិនទាន់ត្រឡប់មកវិញ )។ រីឯបុរស ត្រូវជាពូរបស់កូន និងកូន ២នាក់ ត្រូវបានដឹកនាំយកមកដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួចហើយដែរ នៅយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺ សរុបមានចំនួន ៨៤នាក់ ( ក្នុងចំនួននេះ មានស្ត្រីជនជាតិឥណ្ឌាខាងលើនេះដែរ )។ ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល នឹងបន្តការស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត ហើយក្រសួង នឹងជម្រាបជូនសាធារណជននូវលទ្ធផលនៃការស្រាវជ្រាវ ប្រសិនបើមានអ្នកណាម្នាក់ ត្រូវបានរកឃើញថា វិជ្ជមានវីរុសកូវីដ១៩។
ក្រសួងសុខាភិបាល បានប្រកាសថា មកដល់ម៉ោង ៧ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨០នាក់។ ក្នុងនោះ មាន ២៧៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួមមាន៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ម្នាក់ ( ជាស្ត្រីជនជាតិឥណ្ឌា ) នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ម្នាក់ ( ជាបុរសជនជាតិចិន ) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ២នាក់ ( ជាបុរសជនជាតិហុងគ្រី និងបុរសជនជាតិបារាំង ) និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនួន ម្នាក់ ( ជាស្ត្រីជនជាតិខ្មែរ មកពីសហរដ្ឋអាមេរិក )៕




